អ៉ីរ៉ង់ព្រមានក្រុមប្រទេសអឺរ៉ុប កុំឱ្យចូលរួមក្នុងសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល ខណៈបារាំងដាក់ពង្រាយយន្តហោះចម្បាំង (Video inside)
03-03-2026 17:13
(តេហេរ៉ង់)៖ នាថ្ងៃអង្គារ ទី៣ ខែមីនា អ៉ីរ៉ង់បានព្រមានក្រុមប្រទេសអឺរ៉ុប កុំឱ្យលូកដៃក្នុងសង្រ្គាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បន្ទាប់ពីអាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង បាននិយាយថា ពួកគេនឹងធ្វើសកម្មភាពការពារខ្លួន ដើម្បីកម្ទេចសមត្ថភាពបាញ់មីស៉ីលរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នៅពេលត្រូវបានសាកសួរអំពីសេចក្តីថ្លែងការណ៍របស់មហាអំណាចអឺរ៉ុបទាំង៣ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា «វានឹងជាការបង្កសង្រ្គាម។ ការធ្វើសកម្មភាពបែបនោះប្រឆាំងមកលើអ៉ឺរ៉ង់ នឹងត្រូវចាត់ទុកជាការចូលដៃជាមួយពួកឈ្លានពាន។ វានឹងត្រូវចាត់ទុកជាការបង្កសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់»។
នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បានអះអាងថា បារាំងបានដាក់ពង្រាយកងយន្តហោះចម្បាំង Rafale នៅលើដែនអាកាសប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីការពារមូលដ្ឋានទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ប្រឆាំងការវាយប្រហាររបស់អ៉ីរ៉ង់។ បារាំងមានសមាជិកកងទ័ពជើងទឹក ជើងអាកាស និងជើងគោករាប់រយនាក់ ឈរជើងនៅអេមីរ៉ាតអារ៉ាប់រួម ខណៈយន្តហោះចម្បាំង Rafale មានវត្តមាននៅមូលដ្ឋានយោធា Dhafra ក្បែរទីក្រុង Abu Dhabi។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ អ៉ីរ៉ង់បានសងសឹកវិញ ដោយកំណត់គោលដៅលើអ៉ីស្រាអែល និងបណ្តាសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ៕








