យោធាអ៉ីស្រាអែល ត្រៀមខ្លួនសម្រាប់សង្រ្គាមអូសបន្លាយច្រើនសប្តាហ៍ជាមួយអ៉ីរ៉ង់ ប៉ុន្តែទំនងនឹងមិនឈានដល់ការបញ្ជូនទ័ពថ្មើរជើងទេ
03-03-2026 17:14
(ហ៊្សេរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នាថ្ងៃអង្គារ ទី៣ ខែមីនា បានឱ្យដឹងថា យោធាអ៉ីស្រាអែលបានត្រៀមខ្លួន សម្រាប់ប្រតិបត្តិការប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលអាចអូសបន្លាយច្រើនសប្តាហ៍ ប៉ុន្តែទំនងនឹងមិនឈានដល់ការបញ្ជូនកងទ័ពថ្មើរជើងទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Nadav Shoshani ដែលជាអ្នកនាំពាក្យខាងលើ បានបន្ថែមថា រយៈពេលនៃប្រតិបត្តិការយោធា អាចនឹងប្រែប្រួលថែមទៀត ដោយអាស្រ័យលើស្ថានការណ៍វិវត្តន៍ជាក់ស្តែង ហើយលោកបានចាត់ទុកវឌ្ឍនភាពនាពេលនេះ ថាវិជ្ជមាន។ នៅពេលត្រូវបានសាកសួរថា តើអ៉ីស្រាអែលអាចដាក់ពង្រាយកងទ័ពថ្មើរជើងទៅអ៉ីរ៉ង់ដែរឬអត់ លោក Shoshani បានឆ្លើយតប ទំនងជានឹងមិនកើតឡើងទេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលនិងសហរដ្ឋអាមេរិក បាននិងកំពុងបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ជាហេតុបង្កឱ្យមានការវាយប្រហារសងសឹកតបតវិញពីទីក្រុងតេហេរ៉ង់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមអ៉ីស្រាអែល-អាមេរិកជាមួយអ៉ីរ៉ង់ អាចត្រូវប្រើពេលវេលាមួយរយៈ ប៉ុន្តែនឹងមិនដល់រាប់ឆ្នាំឡើយ៕








