រុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Bushehr នៅអ៉ីរ៉ង់ (Video inside)

03-03-2026 19:17

(ម៉ូស្គូ)៖ ប្រធានសាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី (Rosatom) លោក លីខាឆេវ (Likhachev) បានព្រមាននៅថ្ងៃអង្គារនេះថា រោងចក្រថាមពលនុយក្លេអ៊ែរ ប៊ូសឺ (Bushehr) នៅក្នុងប្រទេសអ៉ីរ៉ង់ កំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការកើនឡើងកម្តៅនៃជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA។

លោក លីខាឆេវ បានបញ្ជាក់យ៉ាងច្បាស់ថា «វាពិតជាមានការគំរាមកំហែងដល់រោងចក្រនេះ។ សំឡេងផ្ទុះអាចឮយ៉ាងច្បាស់នៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ»។ ទោះយ៉ាងណា លោកបានបន្ថែមថា ខ្លួនរោងចក្រផ្ទាល់ មិនទាន់ក្លាយជាគោលដៅនៃការវាយប្រហារនៅឡើយទេ។ កាលពីថ្ងៃសៅរ៍កន្លងទៅ សាជីវកម្ម Rosatom បានជម្លៀសបុគ្គលិករុស្ស៊ីជិត ១០០នាក់ រួមទាំងកុមារ និងបុគ្គលិកដែលមិនសូវចាំបាច់ ចេញពីរោងចក្រនេះរួចហើយ ប៉ុន្តែបុគ្គលិកសំខាន់ៗមួយចំនួននៅតែបន្តឈរជើងនៅឡើយ។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលស្ថិតនៅទីក្រុងកំពង់ផែរបស់អ៉ីរ៉ង់ ត្រូវបានសាងសង់ឡើងដោយប្រទេសរុស្ស៊ី។ យោងតាមទីភ្នាក់ងារព័ត៌មាន Interfax លោក លីខាឆេវ បានបញ្ជាក់បន្ថែមថា ផែនការជម្លៀសដំណាក់កាលទីពីរ សម្រាប់មនុស្សប្រហែល ១៥០ ទៅ ២០០នាក់ទៀត នឹងត្រូវធ្វើឡើងនៅពេលដែលស្ថានការណ៍អនុញ្ញាត៕