មេដឹកនាំហ្វីលីពីន និងកូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលភូមិសាស្ត្រនយោបាយកំពុងផុយស្រួយ (Video inside)

03-03-2026 19:44

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានជួបពិភាក្សាគ្នានៅទីក្រុងម៉ានីល នាថ្ងៃអង្គារនេះ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក លី ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មេដឹកនាំទាំងពីរបានទទួលស្គាល់ពីការកើនឡើងនៃភាពមិនប្រាកដប្រជា នៅក្នុងការវិវត្តភូមិសាស្ត្រនយោបាយ និងបានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ រួមទាំងបញ្ហាសន្តិសុខដែនសមុទ្រផងដែរ។ ទន្ទឹមនឹងនេះ ហ្វីលីពីន និងកូរ៉េខាងត្បូង បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ដូចជា ការសាងសង់នាវា ថាមពលនុយក្លេអ៊ែរ បញ្ញាសិប្បនិមិត្ត (AI) ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មការពារជាតិ។ លោក លី ក៏បានសង្កត់ធ្ងន់ពីការសហការគ្នាលើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ព្រមទាំងការគាំទ្រពីក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងការធ្វើទំនើបកម្មយោធាហ្វីលីពីន។

គួរបញ្ជាក់ថា ក្រៅពីបញ្ហាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ាផងដែរ។ នៅក្នុងទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាច្រើនវិស័យ រួមមាន បច្ចេកវិទ្យាឌីជីថល ការទិញសព្វាវុធ កសិកម្ម កម្មសិទ្ធិបញ្ញា ការអប់រំភាសាបរទេស វប្បធម៌ និងការស៊ើបអង្កេតរបស់ប៉ូលិសជាដើម៕