លោក ត្រាំ អះអាងថា អាមេរិកមានសព្វាវុធស្តុកទុកគ្រប់គ្រាន់ ដើម្បីធ្វើសង្គ្រាម «ជារៀងរហូត» (Video inside)
03-03-2026 20:18
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនាថ្ងៃអង្គារនេះថា យោធាអាមេរិកមានសព្វាវុធស្តុកទុកច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើសង្គ្រាមបាន «ជារៀងរហូត»។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោក កំពុងបន្តយុទ្ធនាការសង្គ្រាមគ្មានកាលកំណត់លើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈសារនៅលើបណ្តាញសង្គម លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកមានការផ្គត់ផ្គង់គ្រាប់រំសេវស្ទើរតែឥតដែនកំណត់ ដោយលោកបានសរសេរថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបាន «ជ័យជម្នះដ៏ធំធេង» ខណៈការវាយប្រហារនេះបានឈានចូលដល់ថ្ងៃទី៤ហើយ។ ថ្លែងក្នុងពិធីបំពាក់មេដាយកិត្តិយសនៅសេតវិមាន លោក ត្រាំ មិនបានបញ្ជាក់លម្អិតពីពេលវេលានៃការបញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែលោកធ្លាប់ព្យាករណ៍ថាអាចប្រើពេលពី ៤ ទៅ ៥សប្តាហ៍ ហើយបច្ចុប្បន្នប្រតិបត្តិការនេះកំពុងដើរលឿនជាងការរំពឹងទុកទៅទៀត។
គួរបញ្ជាក់ថា ទោះបីជាលោក ត្រាំ ធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោត ថានឹងមិនផ្តើមសង្គ្រាមថ្មី និងងាកមកផ្តោតលើសេដ្ឋកិច្ចក៏ដោយ ក៏ពេលនេះលោកកំពុងដឹកនាំសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលរហូតមកទល់ពេលនេះ លោកមិនទាន់បានថ្លែងសារផ្លូវការតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅឡើយទេ។ ចំណាត់ការនេះ កំពុងរងការរិះគន់ពីសំណាក់អ្នកមានឥទ្ធិពលក្នុងចលនា MAGA មួយចំនួន ទោះបីជាគណបក្សសាធារណរដ្ឋភាគច្រើននៅតែបន្តគាំទ្រក៏ដោយ ដែលនេះអាចជាហានិភ័យនយោបាយមួយ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ៕




