អ៉ីស្រាអែលប្រើកប៉ាល់ដឹកទំនិញ ជម្លៀសគ្រូពេទ្យរាប់រយនាក់ដែលជាប់គាំងនៅបរទេស ត្រឡប់មកប្រទេសវិញ (Video inside)
03-03-2026 20:48
(តេអវីវ)៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ZIM របស់អ៉ីស្រាអែល បានបញ្ជាក់នាថ្ងៃអង្គារថា អាជ្ញាធរកំពុងប្រើប្រាស់កប៉ាល់កុងតឺន័រ ដើម្បីជម្លៀសបុគ្គលិកពេទ្យសំខាន់ៗរាប់សិបនាក់ ដែលកំពុងជាប់គាំងនៅបរទេស ឱ្យត្រឡប់មកប្រទេសវិញ បន្ទាប់ពីសង្គ្រាមផ្លូវអាកាសជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យជើងហោះហើរត្រូវផ្អាកទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីក្រុមហ៊ុន ZIM បានប្រាប់ Reuters ថា ប្រតិបត្តិការនេះគឺជាការសហការគ្នារវាងក្រសួងដឹកជញ្ជូន មន្ទីរពេទ្យធំៗ និងក្រុមហ៊ុនផ្ទាល់ ដោយកប៉ាល់ដឹកទំនិញបានធ្វើដំណើរចុះឡើងរវាងទីក្រុង Limassol របស់ប្រទេសសាយប្រឺស (Cyprus) និងកំពង់ផែ Haifa របស់អ៉ីស្រាអែល។ មកទល់ពេលនេះ គ្រូពេទ្យចំនួន ៤០នាក់ បានធ្វើដំណើរមកដល់វិញដោយសុវត្ថិភាពតាមរយៈជើងកប៉ាល់ចំនួន ២លើក ហើយអាជ្ញាធរគ្រោងនឹងជម្លៀសគ្រូពេទ្យរាប់រយនាក់បន្ថែមទៀតនៅសប្តាហ៍នេះ ដើម្បីជួយសង្គ្រោះពលរដ្ឋអ៉ីស្រាអែលដែលរងរបួសដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ការជម្លៀសតាមកប៉ាល់នេះ ត្រូវបានចាត់ទុកថាមានប្រសិទ្ធភាព និងងាយស្រួលជាងការធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុង Taba របស់អេហ្ស៊ីប ដែលតម្រូវឱ្យអ្នកដំណើរត្រូវជិះរថយន្ត ឬឡានក្រុងជាច្រើនម៉ោង ទើបអាចទៅដល់ទីក្រុងធំៗរបស់អ៉ីស្រាអែល៕




