ប្រមុខការទូត៖ រដ្ឋាភិបាលខិតខំរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែន ដើម្បីពលរដ្ឋជនភៀសសឹកឆាប់បានទៅផ្ទះវិញ
03-03-2026 21:00
(សៀមរាប)៖ នៅចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តសំពៅលូន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដោយស្រាយបញ្ហាដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។
ការថ្លែងឡើងបែបនេះ របស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងពេលដែលលោកនាំអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ចុះមកសួរសុខទុក្ខជនភៀសសឹកខ្មែរចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ក្នុងវត្តធម្មរង្សី (វត្តសំពៅលូន) ស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់ជនភៀសសឹកយ៉ាងដូច្នេះ៖ «ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ យើងខិតខំធ្វើយ៉ាងម៉េចរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឱ្យបងប្អូនបានឆាប់ត្រឡប់ទៅផ្ទះសម្បែង ឱ្យប្រកបអាជីវកម្ម និងរស់នៅតាមធម្មតាវិញ»។
បើតាមលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់ថា ក្នុងនាមជាអតីតជនភៀសសឹក គឺលោកស្រីបានយល់ពីអារម្មណ៍អ្នកទាំងអស់គ្នា។ ត្រង់ចំណុចនេះក្នុងនាមខ្ញុំជាអ្នកឆ្លងកាត់ស្ថានភាពបែបនេះខ្ញុំយល់អំពីការលំបាកអ្នកទាំងអស់គ្នា»។
បន្ថែមពីនេះលោកស្រីបានលើកឡើងថា លោកស្រីធ្លាក់រត់គេចពីភ្លើងសង្គ្រាម បម្លាស់ទីជាច្រើនកន្លែង និងមានសមាជិកគ្រួសារច្រើននាក់ កាលពីទសវត្សរ៍ទី៦០នោះ គាត់ក៏ធ្លាប់ផ្លាស់ទីមកក្បែរទីក្រុង ដើម្បីរស់នៅ។ ដូច្នេះ ការផ្លាស់ទីលំនៅគឺលោកស្រីបានយល់យ៉ាងច្បាស់។ «ខ្ញុំសូមបង្ហាញនូវការសាមគ្គីភាពដល់ប្រទេសជាសមាជិកនិយាយភាសាបារាំងទាំងអស់ ចំពោះអ្នកទាំងអស់គ្នា»។
លោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បានជូនពរ និងសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ព្រមទាំងរកដំដោះស្រាយឱ្យឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យអ្នកទាំងគ្នា អាចវិលទៅរស់នៅក្នុងជីវភាពធម្មតាវិញ។
គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកចំនួន ៤៩ ៣៣១នាក់ទៀត នៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ ការមិនទាន់អាចត្រឡប់ទៅផ្ទះបានទេព្រោះតែផ្ទះពលរដ្ឋភៀសសឹកស្ថិតនៅក្នុងតំបន់ដែលយោធាថៃរាយបន្លាលួសដាក់ទូរកុងតឺន័រព័ទ្ធយក វាយកម្ទេច តំបន់ប្រឈមខ្លាំង។
ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ប៉ុន្តែជាង២ ខែក្រោយមក រាជរដ្ឋាភិបាលកម្ពុជា អះអាងថា ថៃបានបំពានកិច្ចព្រមព្រៀង ដែលបានឯកភាព ហើយបានហៅទង្វើរបស់ថៃថាជាទង្វើមិនស្មោះត្រង់។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា បានស្នើទៅកាន់ភាគីថៃ ឱ្យចាត់ក្រុមការងារជំនាញ មកបន្តការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែនដែលបន្តក្ដៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមព្រំដែន។
ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប នៅថ្ងៃទី២៤ ខែកុម្ភៈ នៅប្រទេសស្វីស ប្រមុខការទូតកម្ពុជា បានប្រាប់អន្តរជាតិថា កម្ពុជាអំពាវនាវឱ្យមានការគោរពឱ្យបានពេញលេញ និងការអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ការដកកងកម្លាំងថៃចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងព្រោះកម្លាំងទាំងនោះនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ មានតែការគោរពតាមគោលការណ៍ និងច្បាប់ខាងលើទេ ទើបប្រជាជាតិកម្ពុជា-ថៃ អាចរស់នៅជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕
















