អាមេរិកជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់ ស្របពេលជើងហោះហើរកំពុងជាប់គាំង (Video inside)

03-03-2026 22:48

(វ៉ាស៊ីនតោន)៖ នាថ្ងៃអង្គារ សហរដ្ឋអាមេរិកបានប្រកាសដកបុគ្គលិកមិនចាំបាច់ ចេញពីស្ថានទូតរបស់ខ្លួនជាច្រើនកន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងបានណែនាំឱ្យពលរដ្ឋអាមេរិកចាកចេញពីតំបន់នេះជាបន្ទាន់ ទោះបីជាការធ្វើដំណើរតាមផ្លូវអាកាសកំពុងរងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រតិបត្តិការយោធារបស់អាមេរិក និងអ៉ីស្រាអែលទៅលើប្រទេសអ៉ីរ៉ង់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអាមេរិក បានបញ្ជាឱ្យជម្លៀសបុគ្គលិក និងក្រុមគ្រួសារ ចេញពីស្ថានទូតក្នុងប្រទេសបារ៉ែន កាតា អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត និងហ្ស៊កដានី ខណៈវិធានការស្រដៀងគ្នានេះក៏ត្រូវបានអនុវត្តរួចហើយនៅលីបង់ និងអ៉ីស្រាអែល។ ទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យពលរដ្ឋខ្លួននៅតាមបណ្តាប្រទេសចំនួន១៦ ស្វែងរកជើងហោះហើរពាណិជ្ជកម្មដើម្បីចាកចេញ ខណៈស្ថានទូតអាមេរិកនៅហ្សេរុយសាឡិមបញ្ជាក់ថា ខ្លួនពុំមានលទ្ធភាពជួយជម្លៀសពលរដ្ឋដោយផ្ទាល់នោះទេ។

គួរបញ្ជាក់ថា សង្គ្រាមផ្លូវអាកាសដែលចាប់ផ្តើមកាលពីថ្ងៃសៅ

រ៍ បានបង្កភាពវឹកវរដល់ការដឹកជញ្ជូនតាមផ្លូវអាកាសសកល ដោយអាកាសយានដ្ឋានអន្តរជាតិឌូបៃត្រូវបិទទ្វារ ៤ថ្ងៃជាប់គ្នា។ កាន់តែតានតឹងជាងនេះ កាលពីយប់មិញ ដ្រូនរបស់អ៉ីរ៉ង់បានវាយប្រហារចំស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីត ខណៈដែលអាមេរិកកំពុងខ្វះខាតឯកអគ្គរដ្ឋទូតពេញសិទ្ធិនៅតាមបណ្តាប្រទេសសំខាន់ៗជាច្រើនក្នុងតំបន់។ ស្របពេលដែលតម្លៃប្រេងឆៅបានហក់ឡើង ៧ភាគរយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារបញ្ជាក់ជំហររឹងត្អឹងថា អាមេរិកមានសព្វាវុធស្តុកទុកស្ទើរតែឥតដែនកំណត់ ដែលអាចប្រយុទ្ធក្នុងសង្គ្រាមនេះបាន «ជារៀងរហូត» យ៉ាងជោគជ័យ៕