បារាំង និងក្រិក ប្រញាប់បញ្ជូនប្រព័ន្ធការពារដែនអាកាសទៅជួយប្រទេស Cyprus ក្រោយមានការវាយប្រហារលើមូលដ្ឋានទ័ពអង់គ្លេស (Video inside)

03-03-2026 23:02

(នីកូស៊ី)៖ មន្ត្រីរដ្ឋាភិបាលសាយប្រឺស (Cyprus) បានប្រកាសនាថ្ងៃអង្គារថា ប្រទេសបារាំងគ្រោងនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល និងប្រឆាំងដ្រូនទៅកាន់កោះសាយប្រឺស បន្ទាប់ពីមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅលើកោះនេះ រងការវាយប្រហារដោយដ្រូន។ ស្របពេលជាមួយគ្នានេះ ប្រទេសក្រិក ក៏បានប្តេជ្ញាការពាររដ្ឋតូចមួយនៅសមុទ្រមេឌីទែរ៉ាណេនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការផ្តល់ជំនួយបន្ទាន់នេះ ធ្វើឡើងក្រោយពីមានការវាយប្រហារដោយដ្រូនផលិតនៅអ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាកាស RAF Akrotiri របស់អង់គ្លេសកាលពីថ្ងៃចន្ទ បណ្តាលឱ្យខូចខាតផ្លូវរត់បន្តិចបន្តួច ខណៈដ្រូន ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ស្ទាក់។ ទោះបីជាមូលដ្ឋាននេះជាទឹកដីអធិបតេយ្យរបស់អង់គ្លេសក្តី តែវាស្ថិតនៅកៀកនឹងតំបន់រស់នៅរបស់ពលរដ្ឋសាយប្រឺស ដែលបង្ខំឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។

អ្នកនាំពាក្យរដ្ឋាភិបាលសាយប្រឺស លោក Konstantinos Letymbiotis បានបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ព្រមទាំងនាវាចម្បាំង (Frigate) មួយគ្រឿងមកជួយ ខណៈយោធាបារាំងកំពុងវាយតម្លៃស្ថានការណ៍ជាប់ជាប្រចាំ។

គួរបញ្ជាក់ថា ជាការឆ្លើយតប ក្រិកបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន ៤គ្រឿង និងនាវាចម្បាំង ២គ្រឿង ដែលបំពាក់ប្រព័ន្ធបង្អាក់ដ្រូន Centauros ទៅកាន់កោះសាយប្រឺសរួចហើយ។ រដ្ឋមន្ត្រីការពារជាតិក្រិក លោក Nikos Dendias បានសង្កត់ធ្ងន់ថា ក្រិកនឹងបន្តវត្តមានដើម្បីជួយការពារសាយប្រឺសតាមគ្រប់មធ្យោបាយ ខណៈដែលអង់គ្លេសនៅមិនទាន់សម្រេចចិត្តថានឹងបញ្ជូននាវាចម្បាំងមកការពារមូលដ្ឋានខ្លួន ឬយ៉ាងណានោះទេ៕