លោក ម៉ាក្រុង៖ បារាំងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់សមុទ្រមេឌីទែររ៉ាណេ (Video inside)

04-03-2026 10:31

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាបារាំងបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង Charles de Gaulle ឆ្ពោះទៅកាន់តំបន់សមុទ្រមេឌីទែររ៉ាណេ ហើយកំពុងធ្វើការដើម្បីបង្កើតក្រុមចម្រុះមួយដែលនឹងជួយធានាសុវត្ថិភាពការធ្វើចរាចរណ៍តាមផ្លូវសមុទ្រដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែកើនឡើង វិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះនៅក្នុងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជាតិបារាំង ជាមួយការបញ្ជាក់ថាការសម្រេចចិត្តបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងជារឿងចាំត្រូវធ្វើ ក៏ព្រោះតែការបិទច្រកសមុទ្រ Hormuz រីឯផ្លូវដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ និងសមុទ្រក្រហមកំពុងរងការគំរាមកំហែងដោយសារតែការកើនឡើងជម្លោះ។ «យើងមានផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារ ដោយសារតែប្រេង និងឧស្ម័នឡើងថ្លៃ ខណៈស្ថានការណ៍ពាណិជ្ជកម្មពិភពលោកកំពុងចលាចលដោយសារតែសង្រ្គាមនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ម៉ាក្រុង។

គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង បារាំងក៏បានបញ្ជូននាវាចម្បាំងទៅកាន់ប្រទេសស៊ីបផងដែរ និងបានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងនៅក្នុងដែនអាកាសនៃប្រទេសអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់ បារាំង៕