ស៉ីរី បញ្ជូនកងទ័ពជាច្រើនទៅកាន់ព្រំដែនរបស់ខ្លួន ជាមួយលីបង់
04-03-2026 11:50
(ដាម៉ាស)៖ ប្រទេសស៉ីរី បានប្រកាសពីការពង្រឹងព្រំដែនជាមួយលីបង់ ហើយបើតាមប្រភពពីក្រុមមន្រ្តីយោធា និងមន្រ្តីសន្តិសុខស៉ីរី និងលីបង់ ការពង្រឹងនេះរួមបញ្ចូលទាំងអង្គភាពរ៉ុក្កែត និងដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ខណៈដែលតំបន់កំពុងរាលដាលដោយជម្លោះ រួមទាំងរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២៦។
ក្រសួងការពារជាតិស៉ីរី បានឱ្យដឹងថា កងទ័ពចល័តទៅបណ្តោយព្រំដែនជាមួយលីបង់ និងអ៉ីរ៉ាក់ មកពីកងវរសេនាធំការពារព្រំដែន និងកងវរសេនាធំឈ្លបយកការណ៍ ដោយមានភារកិច្ចត្រួតពិនិត្យសកម្មភាពតាមព្រំដែន និងប្រយុទ្ធប្រឆាំងការរត់ពន្ធ។ មន្រ្តីស៉ីរីម្នាក់និយាយថា កម្លាំងជំនួយរួមមានអង្គភាពថ្មើរជើង រថពាសដែក និងជើងទម្របាញ់រ៉ុក្កែតរយៈចម្ងាយខ្លី Grad និង Katyusha។
គួរបញ្ជាក់ថា ស៉ីរីមានកងទ័ពឈរជើងនៅលីបង់ ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០០៥ រួមទាំងអំឡុងពេលនៃសង្គ្រាមស៉ីវិលលីបង់ ដែលបញ្ចប់ទៅនៅឆ្នាំ ១៩៩០។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារគោលដៅនានានៅអ៉ីរ៉ង់ ហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ ក៏បានបើកការវាយប្រហារឡើងវិញទៅលើអ៉ីស្រាអែល ជាងមួយឆ្នាំក្រោយឈានដល់បទឈប់បាញ់។ ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ បាននិងកំពុងធ្វើឡើងលើមូលដ្ឋានយោធាអាមេរិកនៅបណ្តាប្រទេសអារ៉ាប់៕








