វិស័យហិរញ្ញវត្ថុអាមេរិក បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការវាយប្រហារសាយប័រ ស្របពេលសង្រ្គាមអ៉ីរ៉ង់កាន់តែឡើងកម្តៅ (Video inside)
04-03-2026 12:38
(វ៉ាស៉ីនតោន)៖ នាពេលនេះ វិស័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការប្រុងប្រៀបខ្លួនខ្ពស់ សម្រាប់ឆ្លើយតបលទ្ធភាពនៃការវាយប្រហារតាមប្រព័ន្ធសាយប័រ (cyber) ចំពោះមុខការកើនឡើងកម្តៅកាន់តែខ្លាំង នៃសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។
ការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei កាលពីសប្តាហ៍មុន ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែល បានបង្កជាសង្រ្គាមដែលកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុសកលរង្គោះរង្គើខ្លាំង ហើយបង្កឱ្យមានក្តីបារម្ភជុំវិញលទ្ធភាព នៃសកម្មភាពវាយប្រហារសាយប័រពាក់ព័ន្ធជាមួយអ៉ីរ៉ង់ មកលើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា យោងតាមការវាយតម្លៃផ្នែកចារកម្មរបស់អាមេរិក ក្រុម hacker ដែលគាំទ្រប្រទេសអ៉ីរ៉ង់ អាចនឹងធ្វើសកម្មភាពវាយប្រហារសាយប័រ ប្រឆាំងបណ្តាញកុំព្យូទ័ររបស់សហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងកម្រិតទាប ដូចជាការបំផ្លាញគេហទំព័រ ឬការវាយប្រហារបែប DDoS ជាដើម៕






