អ៉ីស្រាអែលអះអាងថា ខ្លួននិងអាមេរិកកំពុងគ្រប់គ្រងសឹងតែទាំងស្រុង លើដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់ (Video inside)

04-03-2026 13:14

(យូអិន)៖ កាលពីថ្ងៃអង្គារ ទី៣ ខែមីនា បេសកជនអ៉ីស្រាអែលប្រចាំ UN លោក Danny Danon បាននិយាយថា អ៉ីស្រាអែល​និងសហរដ្ឋអាមេរិក ឥឡូវនេះកំពុងគ្រប់គ្រងដែនអាកាសប្រទេសអ៉ីរ៉ង់ស្ទើរតែទាំងមូល ហើយឧត្តមភាពនេះ នឹងត្រូវមើលឃើញជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅ UN ក្នុងទីក្រុងញូវយ៉ក លោក Danon បានទទួលស្គាល់ថា សង្រ្គាមជាមួយអ៉ីរ៉ង់ មិនអាចចប់​ក្នុងពេលត្រឹមប៉ុន្មានថ្ងៃឬមួយសប្តាហ៍ទេ។ លោកបេសកជនអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «យើងដឹងថា វានឹងមិនមែនជា​សង្រ្គាមងាយស្រួយឡើយ។ យើងដឹងពីសមត្ថភាពនៃរបបដឹកនាំអ៉ីរ៉ង់។ ពួកគេបានចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ហើយយើងក៏ដឹងដែរថា វានឹងជាប្រតិបត្តិការធំមួយ»

យ៉ាងណាមិញ លោក Danon បានបន្តថា «ប៉ុន្តែវានឹងមិនបន្តជារៀងរហូតនោះទេ។ យើងមានឧត្តមភាព។ ពេលនេះ យើងកំពុង​គ្រប់គ្រងសឹងទាំងស្រុងលើដែនអាកាសរបស់អ៉ីរ៉ង់ ហើយខ្ញុំជឿជាក់ថា យើងនឹងអាចបង្ហាញឧត្តមភាពនោះជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»

ដោយឡែក នៅពេលត្រូវបានសាកសួរថា តើការវាយប្រហារមីស៉ីលនិងដ្រូនរបស់អ៉ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ប្រហែលនឹងបន្តយូរប៉ុនណាទៀត លោក Danon បានឆ្លើយតបថា ការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ ចាប់តាំងពី​ថ្ងៃសៅរ៍ បានទទួលជោគជ័យក្នុងការធ្វើឱ្យចុះទន់ខ្សោយសមត្ថភាពរបស់អ៉ីរ៉ង់៕