នាវាចម្បាំងអ៉ីរ៉ង់១គ្រឿង លិចនៅក្បែរប្រទេសស្រីលង្កា ខណៈមូលហេតុមិនទាន់ដឹងច្បាស់ (Video inside)
04-03-2026 14:10
(កូឡុំបូ)៖ រដ្ឋមន្រ្តីការបរទេសស្រីលង្កា បានឱ្យដឹងថា ស្រីលង្កាបានជួយសង្រ្គោះនាវិក៣០នាក់ ស្ថិតលើនាវាចម្បាំងអ៉ីរ៉ង់ ១គ្រឿង ដែលលិចនៅក្បែរដែនទឹកនៃប្រទេសរបស់ខ្លួន នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។
ភ្លាមៗពុំទាន់មានព័ត៌មានច្បាស់លាស់ អំពីមូលហេតុនៅពីក្រោយការលិចនាវាចម្បាំងអ៉ីរ៉ង់នេះឡើយ ប៉ុន្តែប្រមុខការទូតស្រីលង្កា លោក Vijitha Herath បាននិយាយថា ក្រុមនាវិកដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នាវាចម្បាំងអ៉ីរ៉ង់ឈ្មោះ Iris Dena ដែលផ្ទុកនាវិកសរុប១៨០នាក់ បានប្រកាសអាសន្នសុំជំនួយ កាលវេលាព្រឹកព្រលឹមថ្ងៃពុធនេះ។
គួរបញ្ជាក់ថា បើតាមលោក Herath នាវាយោធាជើងទឹកស្រីលង្កា២គ្រឿង និងយន្តហោះ១គ្រឿង ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការជួយសង្រ្គោះ។ ករណីលិចនាវាចម្បាំងនេះ កើតមានឡើងស្របពេលដែលអ៉ីរ៉ង់កំពុងផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាហេតុនាំឱ្យមានការសង្ស័យថា តើវាបានរងការវាយប្រហារឬក៏យ៉ាងណា។ កាលពីថ្ងៃទី៣ ខែមីនា យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួនបានកម្ទេចនាវាចម្បាំងអ៉ីរ៉ង់សរុប១៧គ្រឿង ក្នុងនោះរួមមានទាំងនាវាមុជទឹក ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន៕




