រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល គំរាមសម្លាប់អ្នកដែលហ៊ានឡើងធ្វើជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់
04-03-2026 14:36
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃពុធ ទី៤ ខែមីនា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមសម្លាប់អ្នកណាក៏ដោយ ដែលនឹងត្រូវជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៉ឺរ៉ង់ បន្តពីលោក Ayatollah Ali Khamenei ដែលត្រូវបានធ្វើឃាតដោយសារការវាយប្រហារតាមអាកាស របស់អាមេរិកនិងអ៉ីស្រាអែល លើទីក្រុងតេហេរ៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Katz បាននិយាយក្នុងសារបង្ហោះលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «មេដឹកនាំណាមួយក៏ដោយ ដែលត្រូវជ្រើសរើសដើម្បីបន្តដឹកនាំផែនការបំផ្លិចបំផ្លាញប្រទេសអ៉ីស្រាអែល គំរាមកំហែងសហរដ្ឋអាមេរិក ដ៏ដូចជាពិភពលោកសេរីនិងបណ្តាប្រទេសនៅក្នុងតំបន់ ហើយជិះជាន់គាបសង្កត់ប្រជាជនអ៉ីរ៉ង់ នឹងក្លាយជាមុខសញ្ញានៃការធ្វើឃាត ទោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅកន្លែងណាក្តី»។
គួរបញ្ជាក់ថា ក្រោយការស្លាប់របស់លោក Ali Khamenei ក្នុងវ័យ៨៦ឆ្នាំ អំណាចគ្រប់គ្រងប្រទេសអ៉ីរ៉ង់ នាពេលនេះ ត្រូវបានផ្ទេរជាបណ្តោះអាសន្ន ឱ្យទៅក្រុមប្រឹក្សាមួយ ដែលមានសមាសភាពឥស្សរជនកំពូល៣រូប គឺប្រធានាធិបតី លោក Masoud Pezeshkian, ប្រធានតុលាការកំពូល លោក Gholam-Hossein Mohseni Eje'i និង លោក Ayatollah Ali Reza Arafi ដែលជាបព្វជិតសាសនាជាន់ខ្ពស់ និងជាសមាជិកនៃក្រុមប្រឹក្សាអាណាព្យាបាលដ៏មានឥទ្ធិពល។ អំឡុងពេលអន្តរកាលនេះ សភាអ្នកជំនាញអ៉ីរ៉ង់ ត្រូវរៀបចំបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំកំពូលថ្មី៕







