ខណៈដាក់បទបញ្ជាឱ្យផ្តល់កញ្ចប់ធានារ៉ាប់រង លោក ត្រាំ ថាកងទ័ពជើងទឹកអាមេរិក អាចអមដំណើរនាវាដឹកប្រេង នៅតំបន់ឈូងសមុទ្រ (Video inside)

04-03-2026 14:50

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនាថ្ងៃពុធ ទី៤ ខែមីនា ថាកងទ័ពជើងទឹកអាមេរិក អាចចាប់ផ្តើមអមនាវាដឹកប្រេង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ជាមួយការអំពាវឱ្យមានការផ្តល់កញ្ចប់ធានារ៉ាប់រងសុវត្ថិភាព និងហិរញ្ញវត្ថុ សម្រាប់ពាណិជ្ជកម្មតាមផ្លូវទឹកនៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានឱ្យដឹងតាមរយៈបណ្តាញសង្គម យ៉ាងដូច្នេះថា «មិនថាមានរឿងអ្វីកើតឡើង សហរដ្ឋអាមេរិក នឹងធានាដល់លំហូរនៃថាមពល ចូលទៅកាន់ពិភពលោក»។ តាមលោក ត្រាំ សកម្មភាពបន្ថែមទៀតនឹងមកដល់។

យ៉ាងនេះក្តី ម្ចាស់នាវា និងក្រុមអ្នកវិភាគ មិនប្រាកដទេថាការអមដំណើរដោយយោធា និងកញ្ចប់ធានារ៉ាប់រងពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) គ្រប់គ្រាន់នឹងអាចបញ្ឈប់ការកើនឡើងនូវតម្លៃបាន ឬយ៉ាងណា។ DFC គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយ ដែលសហការជាមួយវិនិយោគិនឯកជន ដើម្បីគាំទ្រគម្រោងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

គួរបញ្ជាក់ថា តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងយ៉ាងខ្លាំង ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិកវាយប្រហារអ៉ីរ៉ង់ កាលពីចុងសប្តាហ៍ និងដែលបានរំខានដល់ការដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ា៕