អាមេរិក ប្រាប់បុគ្គលិកស្ថានកុងស៊ុលប្រចាំនៅប៉ាគីស្ថាន និងបុគ្គលិកស្ថានទូតប្រចាំនៅអារ៉ាប៊ីសាអូឌីត ស៉ីប និងអូម៉ង់ ឱ្យចាកចេញប្រទេសទាំងនេះ ដោយលើកឡើងពីបញ្ហាសុវត្ថិភាព (Video inside)
04-03-2026 15:19
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានឱ្យដឹងនាថ្ងៃពុធ ទី៤ ខែមីនា ថាខ្លួនបានបញ្ជាឱ្យបុគ្គលិកដែលគ្មានភារកិច្ចចាំបាច់ នៅស្ថានកុងស៊ុលចំនួនពីរនៃប្រទេសប៉ាគីស្ថាន និងបុគ្គលិកស្ថានទូតប្រចាំនៅអារ៉ាប៊ីសាអូឌីត ស៉ីប និងអូម៉ង់ ឱ្យចាកចេញពីប្រទេសទាំងអស់នេះ ចំពោះមុខការវាយប្រហារសងសឹកពីសំណាក់អ៉ីរ៉ង់នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន ក្រសួងការបរទេសបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាល ដែលគ្មានភារកិច្ចចាំបាច់ និងសមាជិកគ្រួសារ មកពីស្ថានកុងស៊ុលក្នុងទីក្រុង Karachi និងទីក្រុង Lahore ចាកចេញពីប៉ាគីស្ថាន ដោយសារតែ «ហានិភ័យសុវត្ថិភាព»។ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិករដ្ឋាភិបាល ដែលគ្មានភារកិច្ចចាំបាច់ និងសមាជិកគ្រួសារ ចាកចេញពីអារ៉ាប៊ីសាអូឌីត អូម៉ង់ និងស៉ីប «ដោយសារតែហានិភ័យសុវត្ថិភាព» ផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពលរដ្ឋអាមេរិកជាង ៩ ០០០នាក់បានវិញត្រឡប់ពីតំបន់មជ្ឈិមបូព៌ា ទៅដល់ប្រទេសវិញដោយសុវត្ថិភាព ក្នុងនោះជាង ៣០០នាក់មកពីអ៉ីស្រាអែល៕







