អ៉ីរ៉ង់ត្រៀមចាប់ផ្តើមពីធីបុណ្យសពសម្រាប់មេដឹកនាំកំពូល ដែលត្រូវបានអាមេរិកនិងអ៉ីស្រាអែលធ្វើឃាត (Video inside)
04-03-2026 15:53
(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៉ីរ៉ង់នឹងចាប់ផ្តើមរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី ខែមីនា ឆ្នាំ២០២៦។
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ Irna បានប្រកាសថា ចាប់ពីម៉ោង១០យប់ថ្ងៃពុធនេះ (ម៉ោងនៅប្រទេសអ៉ីរ៉ង់) ប្រជាជនអ៉ីរ៉ង់ នឹងអាចចូលរួមសម្តែងការគោរពជាលើកចុងក្រោយ ចំពោះសពរបស់អគ្គមគ្គទេសក៍ប្រទេសដែលបានពលីជីវិត ដោយចង់សំដៅលើលោក Ali Khamenei នៅព្រះវិហារ Imam Khamenei ក្នុងរដ្ឋធានីតេហេរ៉ង់។ លោក Khamenei មានអាយុ៨៦ឆ្នាំ នៅពេលត្រូវបានអាមេរិកនិងអ៉ីស្រាអែលសម្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយសពរបស់លោក នឹងត្រូវបញ្ចុះនៅទីក្រុងកំណើត Mashhad ភាគឦសានប្រទេសអ៉ីរ៉ង់។ រយៈពេលនៃការចូលរួមគោរពសពលោក Khamenei នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ រីឯសម្រាប់ពេលវេលាដង្ហែសពវិញ នឹងត្រូវប្រកាសនាពេលក្រោយ។
គួរបញ្ជាក់ថា ខណៈសង្រ្គាមកំពុងបន្តផ្ទុះជាមួយអាមេរិកនិងអ៉ីស្រាអែល អំណាចគ្រប់គ្រងដឹកនាំប្រទេសអ៉ីរ៉ង់ នាពេលនេះ ត្រូវបានផ្ទេរជាបណ្តោះអាសន្ន ឱ្យទៅក្រុមប្រឹក្សាមួយ ដែលមានសមាសភាពឥស្សរជនកំពូល៣រូប គឺប្រធានាធិបតី លោក Masoud Pezeshkian, ប្រធានតុលាការកំពូល លោក Gholam-Hossein Mohseni Eje'i និង លោក Ayatollah Ali Reza Arafi ដែលជាបព្វជិតសាសនាជាន់ខ្ពស់ និងជាសមាជិកនៃក្រុមប្រឹក្សាអាណាព្យាបាលដ៏មានឥទ្ធិពល។ អំឡុងពេលអន្តរកាលនេះ សភាអ្នកជំនាញអ៉ីរ៉ង់ ត្រូវរៀបចំបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំកំពូលថ្មី៕






