នាយករដ្ឋមន្រ្តីអេស៉្បាញ ប្រកាសមិនចុះញ៉មការគំរាមរបស់លោក ត្រាំ និងរិះគន់ថាលោកប្រធានាធិបតីអាមេរិក កំពុងលេងល្បែងជាមួយអាយុជីវិតមនុស្សរាប់លាននាក់ (Video inside)

04-03-2026 16:02

(ម៉ាឌ្រីដ)៖ នាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាន់ជំហរជំទាស់យ៉ាងរឹងមាំរបស់លោក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់ ដោយព្រមានថា ជម្លោះនេះកំពុងលេងល្បែងជាមួយ​អាយុជីវិតមនុស្សរាប់លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។

លោក Sanchez បានលើកឡើងថា «នេះហើយគឺជារបៀបដែលគ្រោះមហន្តរាយធំរបស់មនុស្សជាតិចាប់ផ្តើម អ្នកមិនអាចលេងល្បែង​ជាមួយជោគវាសនារបស់មនុស្សរាប់លាននាក់បានទេ»។ លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានបន្តថា គោលជំហររបស់រដ្ឋាភិបាលអេស៉្បាញមានភាពច្បាស់លាស់គឺ ឆ្លើយថាទេចំពោះសង្រ្គាម។ លោក Sanchez បានបន្ថែមថា «យើងនឹងមិនចូលពាក់ព័ន្ធក្នុងអ្វីមួយ ដែលជះផលអាក្រក់សម្រាប់ពិភពលោក ឬផ្ទុយពីគុណតម្លៃនិងប្រយោជន៍របស់យើង ដោយសារគ្រាន់តែខ្លាចការគំរាមកំហែង និងសងសឹកពីនរណាម្នាក់ឡើយ»

លោក Sanchez បានលើកឡើងដូចខាងលើ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ ជាមួយទីក្រុងម៉ាឌ្រីដ ដោយសារគោលជំហរជុំវិញជម្លោះដែលកំពុងផ្ទុះឡើង​នៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសម្ព័ន្ធមិត្ត NATO ទាំងពីរ បានកើនឡើង បន្ទាប់ពីលោក Sanchez បានថ្កោលទោសប្រតិបត្តិការទម្លាក់គ្រាប់បែក របស់អាមេរិកនិងអ៉ីស្រាអែលនៅអ៉ីរ៉ង់ ថាជាទង្វើធ្វេសប្រហែសនិងខុសច្បាប់ ហើយថែមទាំងហាមមិនឱ្យយន្តហោះអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់អេស៉្បាញ ដើម្បីវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់។ លោក Sanchez បានសង្កត់ធ្ងន់ថា ពិភពលោកមិនអាចដោះស្រាយបញ្ហា ដោយប្រើជម្លោះនិងគ្រាប់បែកនោះទេ៕