ចិនស្វែងរកការធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្តេជ្ញាការពារបន្ទាត់ក្រហម (Video inside)

04-03-2026 16:33

(ប៉េកាំង)៖ អ្នកនាំពាក្យមួយរូបនៃសភាប្រជាជនចិន បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកម្ពស់ទំនាក់ទំនងនៅគ្រប់កម្រិត ខណៈប្រកាន់ខ្ជាប់នូវ «បន្ទាត់ក្រហម» និងគោលការណ៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២៦។

លោក Lou Qinjian គូសបញ្ជាក់ថា «គ្មានប្រទេសណាមួយ មានសិទ្ធិគ្រប់គ្រងកិច្ចការអន្តរជាតិ កំណត់ជោគវាសនារបស់ប្រទេសដទៃ ឬកេងចំណេញលើការអភិវឌ្ឍ ហើយធ្វើសកម្មភាពតាមចិត្តនៅលើឆាកអន្តរជាតិបានទេ»។ លោក​បន្ថែមថា ចិន-អាមេរិក ​គួរតែ​គោរព​គ្នា​ទៅវិញទៅមក និង​រួមរស់​ដោយ​សន្តិភាព ខណៈចិន​មាន​គោលការណ៍ និង​ខ្សែបន្ទាត់​ផ្ទាល់ខ្លួន ហើយ​ដូច​សព្វមួយដង «នឹង​ការពារ​អធិបតេយ្យ សន្តិសុខ និង​ផលប្រយោជន៍​​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​»

ការអត្ថាធិប្បាយទាំងនេះកើតមានឡើង មុនពិធីបើកសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិចិន នៅថ្ងៃព្រហស្បតិ៍ និងខណៈដែលប្រទេសទាំងពីរ កំពុងសម្លឹងរកការធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព មុនកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី​ លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំង នាចុងខែមីនា៕