ប្រទេសចិនបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
04-03-2026 17:46
(ប៉េកាំង)៖ ពេលថ្លែងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរចំពោះបុគ្គល និងអង្គភាពឆ្នើមក្នុងយុទ្ធនាការពុះពារឧបសគ្គ ដើម្បីលុបបំបាត់ភាពក្រីក្រ កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិនទទួលបានជ័យជម្នះទាំងស្រុង ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨,៩៩ លាននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ បច្ចុប្បន្នបានចាកចេញពីភាពក្រីក្រ ស្រុកក្រីក្រចំនួន ៨៣២ បានដកចេញពីបញ្ជីស្រុកក្រីក្រ ភូមិក្រីក្រចំនួន ១២,៨ ម៉ឺន បានដកចេញពីបញ្ជីភូមិក្រីក្រ ភាពក្រីក្រមានលក្ខណៈជាតំបន់ទាំងមូលត្រូវបានលុបបំបាត់។ ប្រទេសចិនបានសម្រេចភារកិច្ចដ៏លំបាក ក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត និងបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ!
លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំសាជាថ្មីម្តងទៀតថា៖ «ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការឆ្ពោះទៅរកជីវភាពថ្មី និងការតស៊ូថ្មី»។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លោកXi Jinping បានយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម តំបន់ជនបទ និងកសិករ។ លោកតែងតែចុះត្រួតពិនិត្យ និងស្វែងយល់ពី សភាពការណ៍ការងារតាមមូលដ្ឋាន សួរសុខទុក្ខប្រជាជននៅជនបទ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ការពង្រឹងសមិទ្ធផល ក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយយ៉ាងប្រាកដប្រជា។
កាលពីខែមករា ឆ្នាំ២០២៥ មុនពេលបុណ្យចូលឆ្នាំចិន លោក Xi Jinping បានទៅសួរសុខទុក្ខកម្មាភិបាល និងប្រជាជនតាមមូលដ្ឋាននៃខេត្ត Liaoning លោកបានចង្អុលបង្ហាញថា យើងតែងតែគិតគូរពីប្រជាជនជានិច្ច។ នៅពេលដែលប្រជាជនស្ថិតក្នុងគ្រាលំបាកបំផុត បក្ស និងរដ្ឋាភិបាលគឺជាទីបង្អែកដ៏រឹងមាំរបស់អ្នកទាំងអស់គ្នា ហើយប្រាកដជា នឹងជួយអ្នកទាំងអស់គ្នាឱ្យយកឈ្នះលើការលំបាក និងកសាងផ្ទះឡើងវិញ។
ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou និងខេត្ត Yunnan កាលពីខែមីនា ឆ្នាំ២០២៥ លោក Xi Jinping បានចង្អុលបង្ហាញថា "ការងាររបស់យើងបានផ្លាស់ប្តូរទៅផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប៉ុន្តែនេះមិនមានន័យថា យើងបានបោះបង់ចោលសារៈសំខាន់នៃតំបន់ជនបទនោះទេ។ការងារជនបទសំខាន់បានផ្លាស់ប្តូរពីការកាត់បន្ថយ ភាពក្រីក្រទៅជាការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងសមិទ្ធផលនៃការលុបចោលភាពក្រីក្រឱ្យកាន់តែរឹងមាំ ហើយមិនអនុញ្ញាតឱ្យលេចចេញពីការត្រឡប់ទៅរក ភាពក្រីក្រឡើងវិញដោយទ្រង់ទ្រាយធំជាដាច់ខាត"។
លោក Xi Jinping យកចិត្តទុកដាក់ចំពោះសន្តិសុខស្បៀងអាហារ ។ ប្រទេសចិនបានខំប្រឹងជំរុញការលើកកម្ពស់ ប្រសិទ្ធភាពនៃការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម បោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានៃទំនើបកម្មកសិកម្ម ពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងអាហារ ដើម្បីធានាថាប្រទេសចិនកាន់ចានបាយរបស់ខ្លួនក្នុងដៃឱ្យកាន់តែរឹងមាំ។ ពេលចុះត្រួតពិនិត្យការងារនៅខេត្តHainan កាលពីខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំថា ដើម្បីធានាថាប្រជាជនចិនកាន់ចានបាយក្នុងដៃរបស់ខ្លួនយ៉ាងរឹងមាំ នោះត្រូវក្តាប់ជាប់គ្រាប់ពូជក្នុងដៃខ្លួនយ៉ាងរឹងមាំ។
ត្រូវខិតខំប្រឹងប្រែងពុះពារឧបសគ្គនានាដើម្បីធានាសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗ ក៏ដូចជាសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាគ្រាប់ពូជ និងការគ្រប់គ្រងប្រភពគ្រាប់ពូជដោយស្វ័យភាព ពោលគឺប្រើប្រាស់គ្រាប់ពូជចិនដើម្បីការពារសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន។ ការស្តារ និងអភិវឌ្ឍឧស្សាហកម្ម គឺជាការងារអាទិភាពចម្បងនៃការស្តារនិងអភិវឌ្ឍជនបទ និងជាទិសដៅច្បាស់លាស់មួយ ដែលកំណត់ដោយលោកXi Jinping សម្រាប់ការបង្កើនប្រាក់ចំណូលរបស់កសិករ។
ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guangdong កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកXi Jinping បានផ្តល់អនុសាសន៍ណែនាំថា "ការអភិវឌ្ឍឧស្សាហកម្មជនបទដ៏ពិសេស គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។ យើងត្រូវបង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការរួមបញ្ចូលគ្នានៃកសិកម្ម វប្បធម៌ និងទេសចរណ៍ ពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់ បង្កើនគុណតម្លៃបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករកាន់តែច្រើនឡើងៗ៕
វិទ្យុមិត្តភាពកម្ពុជាចិន








