សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិនចាប់ដៃជាមួយ វិស័យឯកជនចិនពង្រឹងសមត្ថភាពយុវជន និងសហគ្រិនវ័យក្មេង

04-03-2026 17:49

(ភ្នំពេញ)៖ រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានជំនួបរវាង សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន (C.C.A.A.) និង ក្រុមហ៊ុនស៊ីណូ-ខេមបូឌាន វេនឈ័រ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងលើកកម្ពស់ការ ផ្លាស់ប្តូរយុវជន កម្ពុជា–ចិន ស្របតាមទិសដៅអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក LIOA XING តំណាង ក្រុមហ៊ុន ស៊ីណូ-ខេមបូឌាន វេនឈ័រ និងគណៈប្រតិភូ បានលើកយកផែនការសម្រាប់ ឆ្នាំ២០២៦ យកមកជជែកពិភាក្សាជាមួយសមាគម C.C.A.A. ដែលផ្តោតលើ៖ ១-ការរៀបចំកម្មវិធីផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាទៅ ប្រទេសចិន ២-ការផ្តល់អាហារូបករណ៍ និងកម្មវិធីហាត់ការងារ ៣-ការបង្កើតវេទិកាសហការយុវជន និងសហគ្រិនវ័យក្មេង និង ៤-ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន ដោយក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅសំខាន់គឺបង្កើត បណ្តាញយុវជនដែលមានសមត្ថភាព អាចធ្វើការនៅក្នុងបរិបទអន្តរជាតិ និងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច–វប្បធម៌រវាងប្រទេសទាំងពីរ។

ក្នុងនាមសមាគម C.C.A.A. លោកបណ្ឌិត ជា មុនីឫទ្ធិ បានវាយតម្លៃខ្ពស់ចំពោះជំ​នួបនេះ ដែលផ្តល់ផផលប្រយោជន៍ សម្រាប់យុវជននៃប្រទេសទាំងពីរកម្ពុជា ចិន។ សំឡេង៖ ជាលទ្ធផលនៃជំនួប ភាគីយេីងទាំងពីរបានរួមគ្នារៀបចំ ផែនការសហការសម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើកម្មវិធីផ្លាស់ប្តូរយុវជន អាហារូបករណ៍ និងហាត់ការ ការបង្កើតវេទិកាសហគ្រិនវ័យក្មេង ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន បង្ហាញពីទិសដៅច្បាស់លាស់ក្នុងការបម្លែងធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ច។

វាជាការឆ្លើយតបសមស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ។ បន្ថែម ពីលេីនេះ ភាគីយេីងទាំងពីរបន្តឈរនៅលេីមាត្រដ្ឋានជាតិ ស្របតាមគោលដៅនៃការកសាងមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដោយភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងបង្កេីនឱកាសការងារជាមួយតម្រូវការវិនិយោគ និងការអភិវឌ្ឍ»។

លោកបណ្ឌិតបន្តថា ក្រុមការងាររបស់សមាគមដែលមានលោក បណ្ឌិត ជា ពុំសក្ខីណា អនុប្រធានសមាគមកំពុងបំពេញ បេសកកម្មការងារលើការរៀបចំបញ្ចូលទិន្នន័យរបស់ អតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសចិនលើគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ ហើយលោក បណ្ឌិតបានរំលេចថាក្នុងឆ្នាំសិក្សា ២០២៤–២០២៥ និស្សិតកម្ពុជាមានប្រមាណជាង ១ពាន់រូបកំពុងសិក្សានៅលើ ជាង ១០០ សាកលវិទ្យាល័យនានាក្នុងប្រទេសចិន។

ស្របតាមគោលដៅនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១» លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីបេសកកម្ម របស់សមាគមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាលើការផ្លាស់ប្តូរយុវជន និងការបង្កើនឱកាសសិក្សានៅ ក្រៅប្រទេស ជាពិសេសនៅប្រទេសចិន សំដៅលើក កម្ពស់កិច្ចកសាងមូលធនមនុស្សរបស់កម្ពុជា ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រោយការបិទជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការឆ្នាំ២០២៦ ឱ្យទទួលបាន លទ្ធផលជាក់ស្តែង និងចីរភាព។ ជំនួបនេះ ជាជំហានសំខាន់មួយក្នុងការរួមចំណែក អនុវត្តគោលនយោបាយជាតិ ដោយបានបើកទ្វាកាលានុវត្តភាពដល់យុវជនកម្ពុជា ដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់កសាងគ្រឹះអភិវឌ្ឍ នៃសង្គមជាតិកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន