កូនប្រុស​លោក ខាមេណី ត្រូវបានរំពឹងថានឹងស្នងតំណែងឪពុក ក្រោយគេចផុតពីការស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល (Video inside)

04-03-2026 21:05

(តេហេរ៉ង់)៖ ប្រភពពីអ៉ីរ៉ង់ចំនួនពីររូប បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធនេះថា លោក ម៉ូចតាបា ខាមេណី (Mojtaba Khamenei) កូនប្រុសដ៏មានឥទ្ធិពលរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) នៅមានជីវិតនៅឡើយ ហើយត្រូវបានគេរំពឹងខ្ពស់ថានឹងឡើងស្នងតំណែងជាមេដឹកនាំកំពូលបន្តពីឪពុករបស់លោក ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ។

ស្របពេលសំឡេងផ្ទុះថ្មីៗកំពុងបន្តកក្រើករដ្ឋធានីតេហេរ៉ង់ ផែនការរៀបចំពិធីបុណ្យសពសម្រាប់លោក ខាមេណី វ័យ ៨៦ឆ្នាំ ដែលជាមេដឹកនាំកំពូលដំបូងគេក្នុងប្រវត្តិសាស្ត្រត្រូវសម្លាប់ដោយការវាយប្រហារតាមអាកាសនោះ ហាក់កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ដើមឡើយ សពរបស់លោកគ្រោងនឹងតម្កល់ទុកនៅវិហារអ៉ីស្លាមដ៏ធំមួយក្នុងទីក្រុងតេហេរ៉ង់ ចាប់ពីល្ងាចថ្ងៃពុធ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពិធីនេះត្រូវបានពន្យារពេលហើយ ខណៈដែលយោធាអាមេរិកនិងអ៉ីស្រាអែល កំពុងបន្តការវាយលុកឥតឈប់ឈរលើអ៉ីរ៉ង់។

គួរបញ្ជាក់ថា ភាពតានតឹងនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនសកលធ្លាក់ចុះយ៉ាងគំហុក ជាពិសេសនៅតំបន់អាស៊ី ដែលទីផ្សារសេអ៊ូលបានធ្លាក់ចុះក្នុងកម្រិតកំណត់ត្រាមួយ ទោះបីជាលោក ត្រាំ បានធានាថានឹងបើកច្រកសមុទ្រដឹកជញ្ជូនឡើងវិញក៏ដោយ។ ទោះយ៉ាងណា ទីផ្សារអឺរ៉ុបបានងើបឡើងវិញបន្តិច ដោយសារក្តីសង្ឃឹមថាសង្គ្រាមអាចនឹងឆាប់បញ្ចប់ ក្រោយមានសេចក្តីរាយការណ៍ថា ចារកម្មអ៉ីរ៉ង់បានទាក់ទងទៅភ្នាក់ងារ CIA អាមេរិក ដើម្បីស្វែងរកច្រកចេញ។ ប៉ុន្តែ លោក ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា អ៉ីរ៉ង់ចង់ចរចាមែន តែវា «ហួសពេលទៅហើយ»៕