យោធាអាមេរិក បើកប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងប្រទេសអេក្វាទ័រ (Video inside)

05-03-2026 10:51

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាយោធាអាមេរិកបានចាប់ផ្ដើមបើកប្រតិបត្តិការរួមគ្នាជាមួយអេក្វាទ័រ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់ទុកជាអង្គការភេរវករនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ នៅក្រោមសមរភូមិថ្មីមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូង បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាសកម្មភាពដែលកំពុងធ្វើឡើងគឺជាឧទាហរណ៍មួយនៃការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសជាដៃគូក្នុងតំបន់អាមេរិកឡាទីន និងតំបន់ Caribbean ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវករគ្រឿងញៀន ព្រមទាំងគូសបញ្ជាក់ថាប្រទេសទាំង២ គឺសហរដ្ឋអាមេរិក និងអេក្វាទ័រកំពុងធ្វើសកម្មភាពដាច់ខាតប្រឆាំងនឹងក្រុមភេរវករគ្រឿងញៀន ដែលជាប្រភពបង្កអំពើហិង្សា និងអំពើពុករលួយនៅទូទាំងតំបន់។

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់មន្ទីរបញ្ចកោណជាសញ្ញាមួយនៃការពង្រីកប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀន ដែលមកទល់នឹងពេលនេះ យោធាអាមេរិកបានសម្លាប់មនុស្សយ៉ាងហោច ១៥១នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិកភាគខាងកើត។

មន្ទីរបញ្ចកោណមិនបានបង្ហើបឱ្យដឹងថាតើប្រតិបត្តិការយោធារួមគ្នាជាមួយអេក្វាទ័រនឹងត្រូវផ្ដោតលើ ក្រុមណាមួយនោះទេ។ ប៉ុន្តែ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំចំនួន២ក្នុងប្រទេសអេក្វាទ័រ គឺ Los Lobos និង Los Choneros ត្រូវបានក្រសួងការបរទេសអាមេរិកចាត់បញ្ចូលជាក្រុមអង្គការភេរវករបរទេស កាលពីខែកញ្ញា ឆ្នាំមុន៕