កញ្ចប់ថវិកាការពារជាតិចិន នឹងត្រូវបង្កើនក្នុងអត្រា ៧ភាគរយ នៅឆ្នាំនេះ (Video inside)
05-03-2026 11:18
(ប៉េកាំង)៖ ប្រទេសចិន នឹងបង្កើនកញ្ចប់ថវិកាការពារជាតិដល់ ៧ភាគរយសម្រាប់ឆ្នាំ ២០២៦ ដែលជាការធ្លាក់ចុះបន្តិចពីអត្រា ៧.២ភាគរយកាលពីឆ្នាំ ២០២៥ ចំពេលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងជម្លោះកាន់តែទូលំទូលាយនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦។
យោងតាមសេចក្តីព្រាងរបាយការណ៍ថវិកាដែល CNA បានឃើញ ថវិកាការពារជាតិចិននឹងមានចំនួន ១.៩១ទ្រីលានយន់ ឬ ២៧៦.៩ពាន់លានដុល្លារ។ តួលេខនេះគឺជាឆ្នាំទី ១១ជាប់ៗគ្នានៃកំណើន ដោយចិនបានបង្កើនថវិកាការពារជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧.២ភាគរយនារយៈពេល ៣ឆ្នាំចុងក្រោយ។
សេចក្តីព្រាងរបាយការណ៍ថវិកានេះ គ្រោងចេញផ្សាយក្នុងពេលឆាប់ៗ ពេលដែលនាយករដ្ឋមន្ត្រីចិន លោក Li Qiang ផ្តល់របាយការណ៍ការងាររបស់រដ្ឋាភិបាល ទៅកាន់ពិធីបើកសម័យប្រជុំនៃសភាប្រជាជនជាតិចិន (NPC)។
គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិរបស់ចិន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយសារតែពាក់ព័ន្ធនឹងអាទិភាពយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ចំពោះមុខភាពតានតឹងនៅឯច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ក៏ដូចជាការបង្កើនការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក។ រីឯសង្រ្គាមមជ្ឈិមបូព៌ា ក៏បាននិងកំពុងងបង្កើនការព្រួយបារម្ភអំពីសន្តិសុខពិភពលោកថែមទៀត៕




