គុយបា ស្ថិតក្រោមការដាច់ភ្លើងស្ទើរទូទាំងប្រទេស ចំពោះមុខការបិទខ្ទប់លំហូរប្រេងដោយអាមេរិក (Video inside)
05-03-2026 16:04
(ឡាហាវ៉ាន)៖ យោងតាមអគ្គិសនីរដ្ឋគុយបា ការដាច់ចរន្តអគ្គិសនី បានវាយប្រហារភាគច្រើននៃប្រទេស រួមទាំងរដ្ឋធានីឡាហាវ៉ាន ខណៈដែលរដ្ឋាភិបាល ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីរដ្ឋបាលលោក ត្រាំ ដែលបានរារាំងលំហូរប្រេងចូលគុយបា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ ២០២៦។
Union Electrica UNE បានលើកឡើងថា ការដាច់ចរន្តអគ្គិសនី បណ្តាលមកពីការដាច់ចរន្តអគ្គិសនី នៅរោងចក្រកម្តៅ Antonio Guiteras ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងឡាហាវ៉ាន ជាហេតុនាំឱ្យចរន្តអគ្គិសនីពីចុងភាគខាងលិចទីក្រុង Pinar del Rio ដល់ខេត្ត Camaguey ភាគកណ្តាលភាគខាងកើត គ្មានអគ្គិសនីប្រើប្រាស់។
មន្ត្រីអគ្គិសនីម្នាក់ប្រាប់ទូរទស្សន៍រដ្ឋថា មានការដាច់ចរន្តអគ្គិសនី នៅខេត្ត Las Tunas ភាគខាងកើត ខណៈស្ថានីយរងនៅទីនោះ ដំណើរការខុសប្រក្រតី។ ដោយដកស្រង់សម្តី លោក Roman Perez នាយកបច្ចេកទេសរោងចក្រ កាសែតក្នុងស្រុក Giron រាយការណ៍ថា ការជួសជុលស្ថានីយផលិត Guiteras អាចចំណាយពេល ៣ទៅ ៤ថ្ងៃ។
គួរបញ្ជាក់ថា គុយបា ជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ សូម្បីតែមុនពេលដែលអាមេរិក រារាំងការដឹកជញ្ជូនប្រេង ជាពិសេសពីអ្នកផ្គត់ផ្គង់កំពូលគឺវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏ដោយ៕







