អ៊ុយក្រែនកំពុងពិភាក្សាជាមួយអាមេរិក រឿងពន្យាពេល និងប្តូរទីតាំងកិច្ចចរចាសន្តិភាពត្រីភាគីជាមួយរុស្ស៊ី (Video inside)

05-03-2026 19:25

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនាថ្ងៃព្រហស្បតិ៍ថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយអាមេរិក ដើម្បីពន្យារពេល និងប្តូរទីតាំងកិច្ចចរចាសន្តិភាពត្រីភាគីជាមួយរុស្ស៊ី ដោយសារតែការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី លោក ហ្សេលេនស្គី បញ្ជាក់ថា កិច្ចប្រជុំដែលគ្រោងធ្វើនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ចន្លោះថ្ងៃទី៥-៩ មីនា ត្រូវរអាក់រអួល ក្រោយទីក្រុងនេះរងការវាយប្រហារពីអ៉ីរ៉ង់ ដែលបង្ខំឱ្យអ៊ុយក្រែនសម្លឹងមើលទីតាំងថ្មីដូចជា តួកគីយ៉េ ឬស្វីសវិញ។ ជាមួយគ្នានេះ លោកបានច្រានចោលដាច់អហង្ការចំពោះការទាមទាររបស់រុស្ស៊ី ដែលចង់ឱ្យកងទ័ពអ៊ុយក្រែនដកចេញពីតំបន់ Donetsk ដោយសង្កត់ធ្ងន់ថា លោក ពូទីន «គ្មានកម្លាំង» យកឈ្នះលើសមរភូមិឡើយ ដូច្នេះអ៊ុយក្រែនគ្មានហេតុផលអ្វីត្រូវបោះបង់ទឹកដីខ្លួនទេ។

គួរបញ្ជាក់ថា ទោះបីជាខ្វះខាតកងទ័ពនិងអាវុធក្តី តែរបាយការណ៍ស៊ើបអង្កេតរបស់ហ្វាំងឡង់បង្ហាញថា ក្នុងខែកុម្ភៈនេះ អ៊ុយក្រែនវាយដណ្តើមទឹកដីបានច្រើនជាងការបាត់បង់ ដែលជាកំណត់ត្រាដំបូងតាំងពីឆ្នាំ២០២៣។ លើសពីនេះ លោក ហ្សេលេនស្គី បានចោទរុស្ស៊ីថាអាចកំពុងផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូន Shahed ឱ្យអ៉ីរ៉ង់ ប៉ុន្តែវិមានក្រឹមឡាំងបានចេញមុខបដិសេធការចោទប្រកាន់នេះភ្លាមៗ៕