ប្រមុខណាតូអះអាងថា គ្មានភាពចាំបាច់ក្នុងការប្រើប្រាស់មាត្រា៥ ជុំវិញការបាញ់ទម្លាក់មីស៊ីលនៅតួកគីឡើយ (Video inside)
05-03-2026 20:13
(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតតេ បានបញ្ជាក់នាថ្ងៃព្រហស្បតិ៍ថា ការបាញ់ទម្លាក់មីស៊ីលដែលហោះសំដៅទៅតួកគី មិនមែនជាហេតុផលដែលតម្រូវឱ្យអនុវត្តមាត្រា៥ ស្តីពីកិច្ចការពាររួមគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក រូតតេ បានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់លើកឡើងពីការប្រើមាត្រា៥ នោះទេ។ សំខាន់បំផុតគឺសត្រូវ បានឃើញយ៉ាងច្បាស់ថា ណាតូមានភាពរឹងមាំ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតួកគីប្រកាសថាប្រព័ន្ធការពារណាតូ បានបាញ់កម្ទេចមីស៊ីលអ៉ីរ៉ង់មួយគ្រាប់ ដែលប៉ុនប៉ងហោះចូលដែនអាកាសខ្លួន។ យ៉ាងណាមិញ យោធាអ៉ីរ៉ង់បានចេញមុខបដិសេធទាំងស្រុង ដោយអះអាងថា ខ្លួនគោរពអធិបតេយ្យភាពរបស់ប្រទេសជាមិត្ត។
គួរបញ្ជាក់ថា យោងតាមមាត្រា៥ ការវាយប្រហារលើសមាជិកមួយ គឺស្មើនឹងវាយប្រហារលើណាតូទាំងមូល។ ទោះមិនប្រើមាត្រានេះក្តី ប៉ុន្តែលោក រូតតេ ប្រកាសច្បាស់ៗថា ណាតូគាំទ្រការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ព្រោះទីក្រុងតេហេរ៉ង់កំពុងគំរាមកំហែងដល់អឺរ៉ុប។ គិតត្រឹមថ្ងៃទី៦ នៃសង្គ្រាមអាមេរិក-អ៉ីរ៉ង់ ជម្លោះនេះបានពង្រីកវិសាលភាពយ៉ាងធំធេង និងបង្កការរង្គោះរង្គើដល់ទីផ្សារសកល ខណៈមនុស្សរាប់ពាន់នាក់កំពុងសម្រុកភៀសខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា៕




