ចិនកំពុងពិភាក្សាជាមួយអ៉ីរ៉ង់ ដើម្បីឱ្យការដឹកជញ្ជូនប្រេង និងឧស្ម័ន ធ្វើឡើងបានដោយសុវត្ថិភាព តាមច្រកសមុទ្រ Hormuz (Video inside)
06-03-2026 11:02
(ប៉េកាំង)៖ អ្នកការទូតបានប្រាប់ Reuters ថាចិនកំពុងចរចាជាមួយអ៉ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យនាវាដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា ឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសុវត្ថិភាព ខណៈដែលសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីអាមេរិក-អ៉ីស្រាអែលវាយប្រហារលើទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយនាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦។
សង្គ្រាមបានចូលដល់ថ្ងៃទី ៦ នៅថ្ងៃព្រហស្បតិ៍ ធ្វើឱ្យផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ស្ទើរតែបិទទាំងស្រុង កាត់ផ្តាច់ប្រទេសនានាចេញការផ្គត់ផ្គង់ប្រេង និងឧស្ម័ន LNG ប្រហែល ១ភាគ ៥នៃពិភពលោក។ ប្រភពបានឱ្យដឹងថា ចិនដែលមានទំនាក់ទំនងមិត្តភាពជាមួយអ៉ីរ៉ង់ និងពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា មិនពេញចិត្តទេ ដែលអ៉ីរ៉ង់ធ្វើឱ្យចរាចរណ៍ត្រូវជាប់គាំង ហើយកំពុងដាក់សម្ពាធលើអ៉ីរ៉ង់ ឱ្យអនុញ្ញាតឱ្យនាវាទាំងនោះឆ្លងកាត់ដោយសុវត្ថិភាព។
ប្រទេសមានសេដ្ឋកិច្ចធំលេខពីរលើពិភពលោកមួយនេះ ទទួលបានប្រេងប្រហែល ៤៥ភាគរយ តាមច្រកសមុទ្រ Hormuz។ ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ បង្ហាញថានាវាមួយគ្រឿងឈ្មោះ Iron Maiden អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានពេញមួយយប់មិញ បន្ទាប់ពីប្តូរសញ្ញាសម្គាល់ទៅជា «ម្ចាស់ជនជាតិចិន»។
គួរបញ្ជាក់ថា តម្លៃប្រេងឆៅបានកើនឡើងជាង ១៥ភាគរយ គិតចាប់តាំងពីផ្ទុះសង្រ្គាមមជ្ឈិមបូព៌ា ចំពោះមុខការផ្អាកផលិតកម្ម ខណៈដែលអ៉ីរ៉ង់វាយប្រហាររោងចក្រថាមពលនៅឈូងសមុទ្រ ក៏ដូចជានាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ឥឡូវនេះ មីស៉ីលរបស់អ៉ីរ៉ង់ ហោះទៅកាន់តែឆ្ងាយដល់ប្រទេសស៉ីប អាស៊ែបៃហ្សង់ និងតួកគីហើយ ដែលធ្វើឱ្យទីផ្សារពិភពលោកកាន់តែគ្មានស្ថិរភាព និងជំរុញឱ្យប្រទេសមានសេដ្ឋកិច្ចធំៗព្រមានអំពីហានិភ័យនៃអតិផរណា៕







