សហភាពអឺរ៉ុប និងប្រទេសឈូងសមុទ្រ ចេញការអំពាវនាវដល់អ៉ីរ៉ង់ ឱ្យបញ្ឈប់ការវាយប្រហារ ដោយលើកពីផលប៉ះពាល់ចំពោះសន្តិសុខពិភពលោក (Video inside)

06-03-2026 11:46

(ព្រុចសែល)៖ រដ្ឋមន្រ្តីនៃប្រទេសសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឈូងសមុទ្រ បានអំពាវនាវបន្ទាប់កិច្ចពិភាក្សាគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថាឱ្យអ៉ីរ៉ង់បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទូទាំងតំបន់ ដែលជាការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦។

បណ្តារដ្ឋមន្ត្រីការបរទេសបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ខណៈដែលអ៉ីរ៉ង់​បង្កើនការវាយប្រហារលើប្រទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដោយបារ៉ែន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត និងអូម៉ង់ សុទ្ធតែជាគោលដៅ។

សេចក្តីថ្លែងការណ៍រួម បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមរដ្ឋមន្ត្រី​​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​របស់​អ៉ីរ៉ង់ ​ដែល​មិន​សម​ហេតុផល​ប្រឆាំង​នឹង​ប្រទេស​ GCC ដែល​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក ហើយ​​អំពាវនាវ​ឱ្យអ៉ីរ៉ង់​បញ្ឈប់​ការ​វាយប្រហារ​របស់​ខ្លួន​ជា​បន្ទាន់»។ ក្រៅពីលើកអំពី​ផលវិបាក​នៃ​ការវាយប្រហារ​របស់​អ៉ីរ៉ង់ហើយនោះ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់​ដែរថា រដ្ឋ GCC មានសិទ្ធិ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ដើម្បីការពារ​ខ្លួន។

គួរបញ្ជាក់ថា មីស៉ីល និងដ្រូនរបស់អ៉ីរ៉ង់ ដែលធ្លាក់លើទីក្រុងនានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធប្រទេសឈូងសមុទ្រ កំពុងធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសជិតខាងអ៉ីរ៉ង់ទាំងអស់នេះ កំពុងពិចារណាលើលទ្ធភាពឆ្លើយតបនានា៕