ការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ សម្លាប់មនុស្សកើនដល់១២៣នាក់ និងបង្កឱ្យរបួសជិត៧០០នាក់ (Video inside)

06-03-2026 12:54

(បេរូត)៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ក្រសួងសុខាភិបាលនៃប្រទេសលីបង់បានឱ្យដឹងថា មនុស្សយ៉ាងហោច១២៣នាក់ហើយ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ ចាប់តាំងពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu។

ក្រសួងសុខាភិបាលលីបង់ បានបន្ថែមថា មនុស្ស៦៨៣នាក់ក៏បានរងរបួស ដោយសារការវាយប្រហារផងដែរ។ យោធាអ៉ីស្រាអែល បានបើកការវាយប្រហារធ្ងន់ៗតាមផ្លូវអាកាស ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ លើគោលដៅនៅពាសពេញប្រទេសលីបង់ ដែល​រួមមានទាំងរដ្ឋធានីបេរូត បន្ទាប់ពីក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានបាញ់មីស៉ីលដាក់អ៉ីស្រាអែល។

ការកើនឡើងជម្លោះនៅលីបង់ គឺបន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានបើកប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងក្រុមមន្រ្តីជាន់ខ្ពស់។ អ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូនកំណត់គោលដៅលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិក។

គួរបញ្ជាក់ថា អ៉ីស្រាអែល ធ្លាប់បានបើកប្រតិបត្តិការយោធាប្រឆាំងលីបង់ជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២៣ ហើយវាបាន​ប្រែក្លាយទៅជាសង្រ្គាមពេញទំហឹង នៅខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តាច់ជីវិតមនុស្សសរុបជាង៤០០០នាក់ និងបង្កឱ្យរងរបួសខ្ទង់​១៧ ០០០នាក់។ ទោះបីក្រោយពេលឈានដល់បទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ អ៉ីស្រាអែលបានបន្ត ការវាយប្រហាររបស់ខ្លួនជាប្រចាំ ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស ប៉ុន្តែការវាយប្រហារថ្មីចុងក្រោយនេះ មានទ្រង់ទ្រាយធំនិងខ្លាំងជាងពេលមុនៗ៕