ប្រមុខកងទ័ពអ៉ីស្រាអែល៖ ប្រព័ន្ធបាញ់មីស៉ីលរបស់អ៉ីរ៉ង់៦០ភាគរយ និងប្រព័ន្ធការពារដែនអាកាស៨០ភាគរយ ត្រូវបានកម្ទេចចោល (Video inside)

06-03-2026 13:40

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ប្រមុខយោធានៃប្រទេសអ៉ីស្រាអែល បានអះអាងថា ជាង៦០ភាគរយ​នៃប្រព័ន្ធសម្រាប់បាញ់មីស៉ីលបាលិស្ទីគ និង ៨០ភាគរយនៃប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់ ត្រូវបានកម្ទេចចោល​ ក្នុងយុទ្ធនាការយោធារួមគ្នារវាងអ៉ីស្រាអែលនិងអាមេរិក ដែលកំពុងបន្តប្រឆាំងនឹងសាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានអគ្គសេនាធិការនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោកឧត្តមសេនីយ៍ Eyal Zamir បាននិយាយយ៉ាងដូច្នេះថា «យើងបានកម្ទេចជាង ៦០ភាគរយនៃប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគ» ហើយលោកបានបន្ថែមថា អ៉ីស្រាអែលក៏បានបំផ្លាញផងដែរ ប្រមាណជា៨០ភាគរយនៃប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់ ហើយសម្រេចបានគ្រប់គ្រងដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់ សឹងទាំងស្រុង។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែល លោក Zamir បានប្រកាសថា ប្រតិបត្តិការយោធាអ៉ីស្រាអែល-អាមេរិកប្រឆាំងអ៉ីរ៉ង់ កំពុងឈានចូល​ដំណាក់កាលបន្ទាប់ ដោយមានគោលដៅ វាយបំបាក់សមត្ថភាពយោធារបស់អ៉ីរ៉ង់ឱ្យកាន់តែខ្លាំង។ ប្រមុខកងទ័ពអ៉ីស្រាអែលរូបនេះ បានបង្ហើបថា អ៉ីស្រាអែលនៅមានរឿងភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់អ៉ីរ៉ង់៕