លោក ត្រាំ ថាជារឿងមិនចាំបាច់ ក្រោយអ៉ីរ៉ង់ប្រកាសត្រៀមខ្លួន សម្រាប់ការបញ្ជូនទ័ពចូលឈ្លានពានពីសត្រូវ (Video inside)
06-03-2026 14:23
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វានឹងជារឿងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ក្នុងការពិចារណាបញ្ជូនកងទ័ពអាមេរិកចូលទៅប្រទេសអ៉ីរ៉ង់ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានប្រកាសថា អ៉ីរ៉ង់កំពុងត្រៀមខ្លួនសម្រាប់ការឈ្លានពានពីសត្រូវ ហើយបានគំរាមថា វានឹងជាគ្រោះមហន្តរាយធំមួយ សម្រាប់ជនឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងខ្ជះខ្ជាយពេលវេលា។ ពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាង។ ពួកគេបានបាត់បង់កងទ័ពជើងទឹក។ អ្វីដែលពួកគេអាចបាត់បង់ គឺត្រូវបានបាត់បង់អស់ហើយ»។ លោក ត្រាំ បានបន្តថា ការអត្ថាធិប្បាយរបស់ប្រមុខការទូតអ៉ីរ៉ង់ លោក Abbas Araghchi ដែលថាអ៉ីរ៉ង់កំពុងត្រៀមខ្លួនសម្រាប់ការឈ្លានពានជើងគោកពីអាមេរិកឬអ៉ីស្រាអែល គឺជាការលើកឡើងចោលឥតប្រយោជន៍។
គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ ដែលជាថ្ងៃទី៧នាថ្ងៃសង្រ្គាម ការវាយប្រហារកាន់តែធ្ងន់ៗ ត្រូវបានរាយការណ៍នៅរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់ បន្ទាប់ពីអ៉ីស្រាអែលបាននិយាយថា ខ្លួនកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃរបបដឹកនាំអ៉ីរ៉ង់ ក្នុងដំណាក់កាលថ្មី នៃសង្រ្គាមដែលបានខ្លួនបំផ្ទុះឡើងជាមួយសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន៕






