អាមេរិកសុំឱ្យអ៊ុយក្រែនជួយទប់ទល់យន្តហោះដ្រូនអ៉ីរ៉ង់ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
06-03-2026 14:59
(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងផ្តល់ការជួយជ្រោមជ្រែងដល់សហរដ្ឋអាមេរិក ឆ្លើយតបសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ដែលចង់ឱ្យខ្លួនចូលរួមជួយទប់ទល់ ជាមួយយន្តហោះដ្រូនរបស់អ៉ីរ៉ង់នៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «យើងទទួលបានសំណើពីសហរដ្ឋអាមេរិក សម្រាប់ការជួយគាំទ្រដល់ការការពារប្រឆាំងយន្តហោះដ្រូន Shahed នៅតំបន់មជ្ឈិមបូព៌ា»។ លោក ហ្សេលេនស្គី បានបន្ថែមថា រូបលោកបានបង្គាប់ឱ្យផ្តល់សម្ភារនិងបញ្ជូនជំនាញការ ដើម្បីជួយក្នុងរឿងនេះ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែន ក៏បានអះអាងដែរថា ប្រទេសរបស់លោកបើកចំហ ចំពោះការដោះដូរយន្តហោះដ្រូនចាប់ស្ទាក់ ជាមួយមីស៉ីលការពារដែនអាកាសពីសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានបាញ់យន្តហោះដ្រូនរាប់រយគ្រឿង លើគោលដៅអាមេរិកនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងសម្បើមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ អំឡុងសង្រ្គាមជាមួយរុស្ស៉ីជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ Shahed ដែលទីក្រុងមូស្គូបានប្រើប្រាស់៕









