ខណៈអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ធ្លាក់ទៅក្នុងជម្លោះយោធា សម្តេចប៉ាប Leo អធិស្ឋានសុំព្រះជាម្ចាស់ ជួយឱ្យមេដឹកនានាបោះបង់ចោលសង្រ្គាម (Video inside)
06-03-2026 15:32
(វ៉ាទីកង់)៖ សម្តេចប៉ាប Leo បានបញ្ចេញវីដេអូមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអធិស្ឋានសុំព្រះជួយបណ្តាលចិត្តមេដឹកនាំពិភពលោក ឱ្យឈប់យកសង្គ្រាមធ្វើជាមធ្យោបាយ សម្រាប់ដោះស្រាយជម្លោះ ខណៈយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ បន្តចូលដល់ថ្ងៃទី ៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦។
សម្តេចប៉ាប មានព្រះបន្ទូលនៅក្នុងសារវីដេអូនោះថា «ឱព្រះអម្ចាស់ សូមទ្រង់ជួយបំភ្លឺផ្លូវ ដល់មេដឹកនាំនៃប្រជាជាតិនានា ឱ្យពួកគេបោះបង់ចោលគំនិតកាប់សម្លាប់គ្នា»។ សម្តេចប៉ាប មានព្រះបន្ទូលទៀតថា «ថ្ងៃនេះ យើងសូមអធិស្ឋាន ឱ្យមានសន្តិភាពលើពិភពលោក ដោយស្នើសុំឱ្យប្រជាជាតិនានាលះបង់អាវុធ ហើយជ្រើសរើសផ្លូវសន្ទនា និងមធ្យោបាយទូត»។
គួរបញ្ជាក់ថា សម្តេចប៉ាបតែងតែចេញវីដេអូជារៀងរាល់ខែ ដើម្បីប្រកាសពីបំណងនៃអធិស្ឋានរបស់សម្តេច សម្រាប់ខែនីមួយៗ។ សម្រាប់ខែមីនានេះ គោលបំណងនៃអធិស្ឋានរបស់សម្តេចប៉ាប គឺដើម្បីការរំសាយសព្វាវុធនិងសុខសន្តិភាពពិភពលោក ប៉ុន្តែគេមិនច្បាស់ទេ ថាតើវីដេអូនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីឆ្លើយតបនឹងសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ឬយ៉ាងណា ដ្បិតវាបាននិងកំពុងបង្កឱ្យមានសង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា៕








