ប្រេងរុស្ស៉ីដែលជាប់គាំងនៅសមុទ្រ ក្រោមវិធានការដាក់ទណ្ឌកម្ម ត្រូវបានអាមេរិកអនុញ្ញាតលក់ទៅឱ្យឥណ្ឌា (Video inside)
06-03-2026 16:03
(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលអាមេរិក នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា បានបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យប្រេងរបស់រុស្ស៉ីដែលជាប់គាំងនៅឯសមុទ្រ ត្រូវបានលក់ទៅឱ្យឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញអាជ្ញាប័ណ្ណដឹកជញ្ជូន និងលក់ប្រេងឆៅ ក៏ដូចជាផលិតផលប្រេងកាត ដែលមានប្រភពដើមពីរុស្ស៉ី ដែលផ្ទុកលើនាវានានា គិតត្រឹមថ្ងៃទី៥ ខែមីនា ទៅឱ្យឥណ្ឌា។ វាក៏រួមបញ្ចូលទាំងប្រតិបត្តិការពីនាវា ដែលត្រូវរារាំងដោយទណ្ឌកម្មផ្សេងៗផងដែរ ហើយអាចដំណើរការដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និយាយថា ការលើកលែងនេះគឺដើម្បីឱ្យប្រេង អាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក ហើយវិធានការរយៈពេលខ្លីនេះ នឹងមិនផ្តល់ប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៉ីទេ ព្រោះវាអនុញ្ញាតឱ្យតែនាវាដឹកប្រេង ដែលជាប់គាំងស្រាប់លើនៅសមុទ្រប៉ុណ្ណោះ។ លោកបន្ថែមថា ការលក់ទៅឱ្យឥណ្ឌា នឹងបន្ធូរបន្ថយសម្ពាធដែលប៉ុនប៉ងដោយអ៉ីរ៉ង់ ក្នុងការយកថាមពលពិភពលោកជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏កម្រមួយ ដើម្បីដាក់សម្ពាធលើរុស្ស៉ី ជុំវិញការឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៉ី គឺ Lukoil និង Rosneft កាលពីខែវិច្ឆិកា ឆ្នាំមុន៕







