ប្រធានាធិបតី ត្រាំ ប្រាប់ក្រុមឃើដអ៉ីរ៉ង់នៅអ៉ីរ៉ាក់ ឱ្យចូលរួមការវាយប្រហារលើអ៉ីរ៉ង់
06-03-2026 16:56
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកទឹកចិត្តក្រុមឃឃើដអ៉ីរ៉ង់ (Iranian Kurdish) នៅក្នុងប្រទេសអ៉ីរ៉ាក់ ឱ្យបើកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល ដោយអាស៊ែបៃហ្សង់ក៏បានព្រមានពីការសងសឹក ចំពោះការវាយប្រហាររបស់អ៉ីរ៉ង់មកលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦។
ទាក់ទងនឹងលទ្ធភាពនៃក្រុមឃើដអ៉ីរ៉ង់ ចូលទៅក្នុងប្រទេសអ៉ីរ៉ង់ ពីអ៉ីរ៉ាក់ ដែលជាប្រទេសជិតខាង លោក ត្រាំ បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់ ដែលពួកគេចង់ធ្វើបែបនោះ ខ្ញុំនឹងព្រមគ្រប់យ៉ាង»។ យោងតាមប្រភពចំនួន ៣ ក្រុមឃើដអ៉ីរ៉ង់បានពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក ថាតើពួកគេត្រូវវាយប្រហារកងកម្លាំងសន្តិសុខអ៉ីរ៉ង់ នៅក្នុងប្រទេសនេះឬយ៉ាងណា និងអំពីរបៀបវាយប្រហារ។
សង្គ្រាមដែលចូលដល់ ៧ថ្ងៃ អ៉ីរ៉ង់បានកំណត់គោលដៅលើអ៉ីស្រាអែល ប្រទេសឈូងសមុទ្រ ស៉ីប តួកគីយ៉េ និងអាស៊ែបៃហ្សង់ ហើយបានរីករាលដាលដល់មហាសមុទ្រឥណ្ឌា ជាទីដែលនាវាមុជទឹកអាមេរិក បាញ់ពន្លិចលិចនាវាកងទ័ពជើងទឹកអ៉ីរ៉ង់។ អាស៊ែបៃហ្សង់ កំពុងរៀបចំវិធានការសងសឹក ក្រោយអះអាងថាដ្រូន ៤គ្រឿងរបស់អ៉ីរ៉ង់ បានធ្វើឱ្យមនុស្ស ៤នាក់របួសក្នុងតំបន់ Nakhchivan។ ប៉ុន្តែអ៉ីរ៉ង់ បានបដិសេធកំណត់គោលដៅលើអាស៊ៃបៃហ្សង់ ដែលជាអ្នកជិតខាងរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមឃើដអ៉ីរ៉ង់ ដែលមានមូលដ្ឋាននៅព្រំដែនអ៉ីរ៉ាក់-អ៉ីរ៉ង់ ក្នុងតំបន់ពាក់កណ្តាលស្វយ័ត Iraqi Kurdistan បានហ្វឹកហាត់វាយប្រហារ ក្នុងក្តីសង្ឃឹមថានឹងធ្វើឱ្យយោធាប្រទេសអ៉ីរ៉ង់ចុះខ្សោយ ចំពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កំណត់គោលដៅដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងមីស៉ីល៕







