ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បាញ់ប្រហារគ្នាតាមព្រំដែន ខណៈជនភៀសខ្លួនកើនដល់ ១០ម៉ឺននាក់
06-03-2026 19:22
(ឥស្លាម៉ាបាដ)៖ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នាថ្ងៃសុក្រនេះ បានបាញ់ប្រហារដាក់គ្នាជាច្រើនចំណុចតាមបណ្តោយព្រំដែន ខណៈអង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ជម្លោះដែលអូសបន្លាយរយៈពេលមួយសប្តាហ៍មកនេះ បានបង្ខំឱ្យពលរដ្ឋជាង ១០ម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦។
សង្គ្រាមរវាងប្រទេសជិតខាងទាំងពីរនេះ មិនទាន់មានសញ្ញាណាមួយនៃការវិលត្រឡប់ទៅរកការចរចាស្វែងរកសន្តិភាពវិញនោះទេ ដែលវាបានបង្កើនភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ ដែលកំពុងរងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលទៅលើប្រទេសអ៉ីរ៉ង់ ដែលជាប្រទេសមានព្រំដែនជាប់ជាមួយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានផងដែរ។ ការប្រយុទ្ធគ្នានេះ រួមបញ្ចូលទាំងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ទៅលើមូលដ្ឋានទ័ពរដ្ឋាភិបាលតាលីបង់ រួមទាំងមូលដ្ឋានទ័ពអាកាស Bagram នៅភាគខាងជើងរដ្ឋធានីកាប៊ុលផងដែរ។
គួរបញ្ជាក់ថា នេះគឺជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលកំពុងធ្វើឱ្យតំបន់អាស៊ីខាងត្បូងធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាពកាន់តែខ្លាំង ស្របពេលដែលពិភពលោកទាំងមូលកំពុងផ្តោតការចាប់អារម្មណ៍ទៅលើជម្លោះដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ា៕





