គ្រួសារអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ប្តឹងនាយករដ្ឋមន្ត្រី និងមេប៉ូលិស ករណីចោទប្រកាន់ថាឃុបឃិតទម្លាក់រដ្ឋាភិបាល
06-03-2026 19:54
(កូឡាឡាំពួរ)៖ ក្រុមគ្រួសាររបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Daim Zainuddin បានដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៊ីម, អគ្គស្នងការនគរបាលជាតិ និងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទប់ស្កាត់ការចោទប្រកាន់ថាភរិយា និងកូនប្រុសលោក មានគម្រោងឃុបឃិតទម្លាក់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សប្តាហ៍មុន ប៉ូលិសបានបើកការស៊ើបអង្កេតលើ «គម្រោងទម្លាក់រដ្ឋាភិបាល» ដោយចោទថាមានការជួលក្រុមហ៊ុនបរទេសមកវាយប្រហារស្ថាប័នជាតិ។ ក្រុមគ្រួសារលោក Daim បានចោទប្រកាន់នាយករដ្ឋមន្ត្រី និងមេប៉ូលិសថា «រំលោភអំណាច» និងស្នើឱ្យតុលាការប្រកាសថា ការស៊ើបអង្កេតនេះមានចេតនាទុច្ចរិត។ ក្នុងពាក្យបណ្តឹង គ្រួសារលោកបានច្រានចោលការចោទប្រកាន់នេះថាជាការបំភិតបំភ័យ ព្រោះលោកស្រី Na'imah (ភរិយា) គ្រាន់តែស្វែងរកប្រឹក្សាយោបល់ផ្នែកទំនាក់ទំនងសាធារណៈប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការស៊ើបអង្កេតនេះធ្វើឡើងក្រោមច្បាប់ប្រឆាំងការបំផ្លាញលទ្ធិប្រជាធិបតេយ្យសភា ដែលមានទោសជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ លោក Daim ធ្លាប់ជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ និងធ្លាប់រងការចោទប្រកាន់ពីអំពើពុករលួយ ដែលលោកចាត់ទុកថាជាការសងសឹកនយោបាយពីសំណាក់លោក អាន់វ៉ា៕




