ប្រភពទម្លាយថា តួកគីស្នើឱ្យចារកម្មអង់គ្លេស បង្កើនការការពារដល់ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa
06-03-2026 21:01
(អង់ការ៉ា)៖ ទីភ្នាក់ងារចារកម្មតួកគី (MIT) បានស្នើសុំទៅកាន់សមភាគីអង់គ្លេស MI6 កាលពីខែមុន ឱ្យចូលរួមចំណែកកាន់តែសកម្មក្នុងការការពារសុវត្ថិភាពដល់ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតជាបន្តបន្ទាប់។ នេះបើតាមប្រភពជិតស្និទ្ធចំនួន ៥រូប ដែលបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
ការស្នើសុំនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តបរទេស ក្នុងការរក្សាស្ថិរភាពនៅក្នុងប្រទេសស៊ីរី ដែលនៅតែរងការញាំញីដោយអំពើហិង្សា ១៥ខែក្រោយការផ្តួលរំលំអតីតប្រធានាធិបតី បាសារ អាល់-អាសាដ (Bashar al-Assad) ខណៈពេលដែលសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបង្កភាពចលាចលពេញតំបន់។ សម្ព័ន្ធមិត្តអន្តរជាតិចាត់ទុកលោក Sharaa ថាជាតួអង្គសំខាន់បំផុត ក្នុងការទប់ស្កាត់កុំឱ្យស៊ីរីធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមស៊ីវិល ឬជម្លោះនិកាយម្តងទៀត បន្ទាប់ពីសង្គ្រាម ១៤ឆ្នាំបានបំផ្លាញប្រទេសនេះ និងបើកផ្លូវឱ្យក្រុមរដ្ឋអ៉ីស្លាម (IS) គ្រប់គ្រងទឹកដីយ៉ាងទូលំទូលាយ។
គួរបញ្ជាក់ថា កាលពីខែមុន ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខទូទាំងប្រទេសស៊ីរី ហើយថែមទាំងប្រកាសចាត់ទុកលោក Sharaa ដែលជាអតីតមេដឹកនាំក្រុមឧទ្ទាម ថាជា «សត្រូវលេខ១» របស់ពួកគេទៀតផង។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីសំណើជាក់លាក់របស់ MIT ទៅកាន់ MI6 ឬតួនាទីថ្មីដែលភាគីអង់គ្លេសអាចនឹងទទួលយកនោះ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ៕




