វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់កំពុងប្រើយុទ្ធសាស្ត្រសង្រ្គាមអ្វីជាមួយអាមេរិក និងអ៉ីស្រាអែល?
06-03-2026 21:17
(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគបាននិយាយថាអាទិភាពចម្បងរបស់អ៉ីរ៉ង់ នោះគឺការរស់រានមានជីវិត។ ដើម្បីអាចធ្វើដូច្នេះបាន មេដឹកនាំអ៉ីរ៉ង់នឹងព្យាយាមបង្កការខាតបង់ធ្ងន់ធ្ងរបង្កឡើងដោយសង្រ្គាមទៅលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនោះដូចជាធ្វើឱ្យកងទ័ពអាមេរិកស្លាប់ និងរងរបួស ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងអតិផរណា ដើម្បីបញ្ចុះបញ្ចូលឱ្យលោក ត្រាំប្រកាសជ័យជម្នះត្រឹមប៉ុណ្ណឹង ហើយបញ្ឈប់កាវាយប្រហារលើអ៉ីរ៉ង់។
តាមក្រុមអ្នកវិភាគ ប្រឈមមុខនឹងសត្រូវខ្លាំងដូចជាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល អ៉ីរ៉ង់កំពុងព្យាយាមពង្រីកជម្លោះចេញពីទឹកដីរបស់ខ្លួនទៅកាន់តំបន់ទាំងមូល។ គោលដៅរបស់អ៉ីរ៉ង់គឺបង្កការខូចខាតដល់ហេដ្ឋរចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅតាមបណ្ដាប្រទេសក្បែរ បិទច្រកសមុទ្រ Hormuz ដើម្បីធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេង ព្រមទាំងរំខានដល់ការធ្វើចរាចរតាមផ្លូវអាកាស។ ទាំងអស់នេះកំពុងបង្កការខាតបង់ដល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រពែក្ស និងធ្វើឱ្យតម្លៃថាមពលសកលឡើងថ្លៃ និងអតិផរណាហក់ឡើងខ្ពស់។ អ៉ីរ៉ង់ក៏នឹងព្យាយាមផងដែរធ្វើយ៉ាងណាឱ្យចំនួនគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាសរបស់សត្រូវថយចុះស្ដុក។
លោក Vali Nasr មកពី Johns Hopkin School of Advance International Studies ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «សង្រ្គាមសព្វថ្ងៃបានក្លាយជាការធ្វើតេស្ដលើឆន្ទៈ និងភាពធន់ថាតើនរណាអាចទ្រាំបាន យូរជាង»។ លោកបន្ថែមថា «អ៉ីរ៉ង់កំពុងប្រឈមមុខនឹងសត្រូវដ៏ខ្លាំង ដូច្នេះយុទ្ធសាស្ត្រ នោះគឺការធ្វើតេស្តលើឆន្ទៈរបស់សត្រូវតាមរយៈការពង្រីកសមរភូមិ ធ្វើឱ្យសង្រ្គាមកាន់តែស្មុគស្មាញ និងបង្កើនហានិភ័យគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ពិភពលោក»។ ចំណែក លោក Ali Vaez វិញជាអ្នកជំនាញពីអ៉ីរ៉ង់មកពីស្ថាប័ន International Crisis Group បាននិយាយថា «អ៉ីរ៉ង់ចង់ពង្រីកការឈឺចាប់ និងការខាតបង់ឱ្យកាន់តែធំតាមដែលអាចធ្វើទៅបាន បើទោះជាខ្លួនឯង ត្រូវខាតបង់ធ្ងន់ធ្ងរដូចគ្នា និងធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយប្រទេសក្បែរខាងក៏ដោយ។ ដ្បិតអ៉ីរ៉ង់សង្ឃឹមថាការធ្វើបែបនេះអាចនឹងបង្កើតឱ្យមានចលនាប្រឆាំងនឹងសង្រ្គាមដើម្បីបង្ខំឱ្យលោក ត្រាំ ដកថយ»។ «សម្រាប់ សាធាណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ការរស់រានមានជីវិតគឺជាជ័យជម្នះមួយ បើទោះជាវាជាជ័យជម្នះបានមកយ៉ាងត្រដាបត្រដួសក៏ដោយ»។ នេះជាការយល់ឃើញរបស់លោក Ali Vaez។
យុទ្ធសាស្ត្របែបនេះត្រូវបានក្រុមអ្នកវិភាគហៅថា «asymmetric endurance» ដែលភាគីមានកម្លាំងខ្សោយជាង សុខចិត្តទទួលយកការខាតបង់ដំណាក់កាលដំបូងដើម្បីរក្សាសមត្ថភាពបង្កើនជម្លោះ រង់ចាំប្រព័ន្ធការពារដែនអាកាស របស់សហរដ្ឋអាមេរិក អ៉ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ថយចុះស្ដុកមីស៊ីល។ ការគិតនៅពីក្រោយយុទ្ធសាស្ត្រនេះ នោះគឺថាលោក ត្រាំ ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ និងការសង្ស័យពីមូលដ្ឋានធ្វើឱ្យ សហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត MAGA របស់លោក នឹងជ្រើសរើសកាត់បន្ថយសង្រ្គាម មុនពេលដែលកងទ័ពអាមេរិកស្លាប់ និងរបួសកាន់តែច្រើន ហើយអតិផរណាកើនឡើងកាន់តែខ្ពស់៕
















