លោក ត្រាំ ទាមទារឱ្យអ៉ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ស្របពេលការចរចាដំបូងចាប់ផ្តើម

06-03-2026 22:30

(វ៉ាស៊ីនតោន)៖ នាថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទាមទារឱ្យអ៉ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ដែលនេះគឺជាការកើនឡើងកម្តៅយ៉ាងខ្លាំងនៃគោលជំហររបស់លោក ក្រោយសង្គ្រាមរយៈពេលមួយសប្តាហ៍ដែលលោកបានចាប់ផ្តើមរួមគ្នាជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា ប្រទេសមួយចំនួនបានចាប់ផ្តើមធ្វើជាអ្នកសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយការទូត។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា «នឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ឡើយ ក្រៅពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌ!» ដោយលោកថែមទាំងសន្យាថា នឹងជួយជ្រោមជ្រែងឱ្យអ៉ីរ៉ង់ក្លាយជាប្រទេសសេដ្ឋកិច្ចខ្លាំងក្លាជាងមុន បន្ទាប់ពីជ្រើសរើសបានមេដឹកនាំថ្មីដែល «អាចទទួលយកបាន»។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានទាមទារសិទ្ធិជ្រៀតជ្រែកក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា ស្របពេលដែលយុទ្ធនាការទូតចាប់ផ្តើមរំកិលខ្លួន សង្គ្រាមក៏កាន់តែផ្ទុះឡើងខ្លាំង ដោយអ៉ីស្រាអែលបានវាយប្រហារយ៉ាងសន្ធឹកសន្ធាប់លើរដ្ឋធានីបេរូតប្រទេសលីបង់ និងបន្តការវាយប្រហារលើអ៉ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំង៥០គ្រឿង កម្ទេចលេណដ្ឋានក្រោមដីរបស់មេដឹកនាំអ៉ីរ៉ង់។ លោក Pezeshkian បានសង្កត់ធ្ងន់ថា អ៉ីរ៉ង់ប្តេជ្ញាស្វែងរកសន្តិភាព ប៉ុន្តែក៏មិនស្ទាក់ស្ទើរក្នុងការការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនដែរ ដោយលោកបានបញ្ជាក់ថា អ្នកសម្របសម្រួលគួរតែពិភាក្សាជាមួយអ្នកដែលបានបង្កជម្លោះនេះឡើង៕