Washington Post៖ រុស្ស៉ីកំពុងផ្ដល់ព័ត៌មានចារកម្មឱ្យអ៉ីរ៉ង់ ដើម្បីកំណត់គោលដៅលើកងកម្លាំងអាមេរិក (Video inside)
07-03-2026 09:21
(Reuters)៖ កាសែតអាមេរិក Washington Post កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារុស្ស៉ីកំពុងផ្ដល់ព័ត៌មានចារកម្មឱ្យអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងព័ត៌មាន អំពីទីតាំងរបស់នាវាចម្បាំង និងយន្ដហោះចម្បាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រី៣នាក់ដែលបានដឹងពីព័ត៌មានស៊ើបការណ៍សម្ងាត់ខាងលើ។ វិសាលភាពនៃ ការគាំទ្ររបស់រុស្ស៉ីចំពោះអ៉ីរ៉ង់មិនទាន់ត្រូវបានកំណត់ឱ្យច្បាស់នៅឡើយទេ។ ប៉ុន្តែអ្វីដែលគេដឹង គឺថាពេលនេះសមត្ថភាពយោធារបស់អ៉ីរ៉ង់ដើម្បីកំណត់ទីតាំងរបស់កងកម្លាំងអាមេរិក បានថយចុះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមផ្លូវអាកាសប្រឆាំងតេហេរ៉ង់កាលពីសប្ដាហ៍មុន។
សង្រ្គាមបានផ្ទុះរាលដាលគួរឱ្យព្រួយបារម្ភតាមរយៈការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ ដែលបានរាលដាលដល់ប្រទេសក្បែរខាង ខណៈតេហេរ៉ង់កំពុងព្យាយាមបង្កការខាតបង់ធ្ងន់ធ្ងរ លើសហរដ្ឋអាមេរិក អ៉ីស្រាអែល និងសម្ព័ន្ធមិត្តដែលមានមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ យោធាអាមេរិកបានកំណត់អត្តសញ្ញាណទាហានបម្រុងអាមេរិកទាំង៦នាក់ ដែលត្រូវបានសម្លាប់ក្នុងប្រទេសកូវ៉ែត នៅពេលដ្រូនអ៉ីរ៉ង់មួយគ្រឿងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកំពង់ផែ Port Shuaiba។ លោក ត្រាំ និងក្រុមមន្ត្រីអាមេរិក បានព្រមានថាជម្លោះជាមួយអ៉ីរ៉ង់អាចនឹងបណ្ដាលឱ្យយោធាអាមេរិកស្លាប់បន្ថែមទៀត។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ បាននិយាយថារុស្ស៉ីកំពុងស្ថិតក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកតំណាងរបស់ថ្នាក់ដឹកនាំអ៉ីរ៉ង់។ តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីឡើយ នៅពេលត្រូវបានសាកសួរថាតើទីក្រុងមូស្គូកំពុងជួយទីក្រុងតេហេរ៉ង់ឬក៏យ៉ាងណា? ជម្លោះនៅមជ្ឈិមបូព៌ា បាន និងកំពុងផ្ដល់ផលចំណេញដ៏មិនស្មានដល់រុស្ស៉ី ខណៈតម្រូវការប្រេង និងឧស្ម័នពីរុស្ស៉ីបានកើនឡើង ក្នុងពេលការដឹកជញ្ជូនប្រេង និងឧស្ម័នតាមច្រកសមុទ្រ Hormuz កំពុងរាំងស្ទះដោយសារតែសង្រ្គាម។
ទាំងស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក និងបេសកម្មរុស្ស៉ីប្រចាំ UN មិនបានធ្វើអត្ថាធិប្បាយអ្វីទេជុំវិញសេចក្ដីរាយការណ៍របស់ Washington Post ប៉ុន្តែបើគេចាំមិនភ្លេចទេ សហរដ្ឋអាមេរិកក៏ធ្លាប់បានផ្ដល់ព័ត៌មានចារកម្មទៅឱ្យអ៊ុយក្រែនផងដែរ អំឡុងសង្រ្គាមជាមួយរុស្ស៉ី៕




