សហរដ្ឋអាមេរិក មិនបារម្ភទេចំពោះសេចក្ដីរាយការណ៍ថារុស្ស៉ីកំពុងផ្ដល់ព័ត៌មានចារកម្មឱ្យអ៉ីរ៉ង់
07-03-2026 09:44
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកមិនបានព្រួយបារម្ភអ្វីទេចំពោះសេចក្ដីរាយការណ៍ ដែលថារុស្ស៉ីកំពុងផ្ដល់ព័ត៌មានចារកម្មឱ្យអ៉ីរ៉ង់ ដើម្បីកំណត់គោលដៅលើទីតាំង និងចលនារបស់កងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កាសែតអាមេរិក Washington Post កាលពីថ្ងៃសុក្រ បានរាយការណ៍ថារុស្ស៉ីកំពុងផ្ដល់ព័ត៌មានចារកម្មឱ្យអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងព័ត៌មានអំពីទីតាំងរបស់នាវាចម្បាំង និងយន្ដហោះចម្បាំង អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ ខណៈបដិសេធទទួលស្គាល់សេចក្ដីរាយការណ៍នេះ លោក Hegseth នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS បានលើកឡើងថា «យើងកំពុងតាមដានគ្រប់យ៉ាងទាំងអស់។ មេបញ្ជាការរបស់យើងដឹងគ្រប់យ៉ាងទាំងអស់។ យើងមានចារកម្មល្អជាងគេបំផុតនៅលើពិភពលោក។ យើងដឹងថានរណាកំពុងនិយាយជាមួយនរណា»។
ប្រមុខការពារជាតិអាមេរិកបានបន្តថាសហរដ្ឋអាមេរិកមិនមានការព្រួយបារម្ភអ្វីទេអំពីសេចក្ដីរាយការណ៍ខាងលើ ហើយនឹងចាត់ចែងទៅតាមភាពចាំបាច់។
គួរបញ្ជាក់ថា ទាហានអាមេរិក ៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយមូលដ្ឋាន CIA របស់សហរដ្ឋអាមេរិកក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតក៏រងការវាយប្រហារផងដែរ។ តាម Washington Post ចិនទំនងជាមិនបានផ្ដល់់ការគាំទ្រយោធាដល់អ៉ីរ៉ង់នោះទេ។
រុស្ស៉ី និងចិនមានទំនាក់ទំនងការទូត និងយោធាយូរអង្វែងមកហើយជាមួយអ៉ីរ៉ង់ ក្នុងនោះរុស្ស៉ីមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធជាមួយអ៉ីរ៉ង់។ ទាំងមូស្គូ និងប៉េកាំងក៏បានរិះគន់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ផងដែរ៕







