បេសកជនអ៉ីរ៉ង់នៅ UN អះអាងថាជនស៊ីវិលអ៉ីរ៉ង់ ១៣៣២នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាម

07-03-2026 10:24

(UN)៖ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានឱ្យដឹងថាជនស៊ីវិលអ៉ីរ៉ង់យ៉ាងហោច ១៣៣២នាក់បានស្លាប់មកទល់នឹងពេលនេះ នៅក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ហើយរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅឯអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Iravani ក៏បានអះអាងដែរថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលមានចេតនាកំណត់គោលដៅលើជនស៊ីវិល ខណៈអ៉ីរ៉ង់វាយប្រហារលើគោលដៅយោធា មិនមែនជនស៊ីវិលនោះទេ។ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានច្រានចោលការអះអាងបែបនេះ។

តាមលោក Iravani អ៉ីរ៉ង់ក៏មិនមែនកំពុងវាយប្រហារលើផលប្រយោជន៍របស់បណ្ដាប្រទេសក្បែរខាងនោះដែរ និងកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថាអ៉ីរ៉ង់ បានវាយប្រហារលើទីតាំងមិនមែនយោធា។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រាប់អ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយថាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ត្រូវតែជាមនុស្សម្នាក់ដែលអាមេរិក អាចទទួលយកបាន បន្ទាប់ពីលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ក្នុងថ្ងៃដំបូងនៃសង្រ្គាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក ត្រាំ ក៏បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ដែរថាសហរដ្ឋអាមេរិកត្រូវតែមានតួនាទីមួយក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។

លោក Iravani បានហៅសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ជាទង្វើបំពានយ៉ាងច្បាស់ក្រឡែតលើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋដទៃ ដូចដែលមានចែង ក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕