Bloomberg៖ អារ៉ាប៊ីសាអូឌីត បង្កើនការទំនាក់ទំនងជាមួយអ៉ីរ៉ង់ ដើម្បីបន្ធូរបន្ថយសង្រ្គាមមជ្ឈិមបូព៌ា

07-03-2026 11:55

(Bloomberg)៖ សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាអារ៉ាប៊ីសាអូឌីត បានបង្កើនការទំនាក់ទំនងដោយផ្ទាល់ជាមួយអ៉ីរ៉ង់ ដើម្បី សាកល្បងជួយបន្ធូរបន្ថយ និងទប់ស្កាត់កុំឱ្យសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ឡើង ខណៈអ៉ីរ៉ង់កំពុងបើកការវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់សំដៅបង្កផលវិបាក សេដ្ឋកិច្ចធ្ងន់ធ្ងរ។

Bloomberg ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអឺរ៉ុបជាច្រើននាក់ បានឱ្យដឹងថាក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះបានប្រើប្រាស់បណ្ដាញការទូតតាមផ្លូវក្រោយរបស់ ខ្លួនដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយអ៉ីរ៉ង់ ជាមួយការបង្កើនភាពបន្ទាន់ក្នុងការបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់កុំឱ្យស្ថានការណ៍សង្រ្គាមកាន់តែអាក្រក់។ បើតាម Bloomberg បណ្ដាប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា និងក្នុងតំបន់អឺរ៉ុបមួយចំនួនបានគាំទ្រកិច្ចប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត។ កិច្ចចរចាអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់មកទល់នឹងពេលនេះមានចូលរួម ពីក្រុមមន្ត្រីការទូត និងសន្តិសុខនៃភាគីទាំងសងខាង។ តែវាមិនច្បាស់ថាតើក្រុមមន្ត្រីជាន់ខ្ពស់បន្ថែមទៀតបានចូលរួមក្នុងកិច្ចចរចានេះដែរឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអឺរ៉ុបដែលបានប្រាប់ Bloomberg ក៏បានអះអាងដែរថាមកទល់នឹងម៉ោងនេះ អ៉ីរ៉ង់មិនបានបង្ហាញពីបំណងចង់ចរចាជាមួយសហរដ្ឋអាមេរិក​ និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនោះទេ។ ក្រុមអ្នកវិភាគបាននិយាយថាអ៉ីរ៉ង់កំពុងពង្រីកសង្រ្គាមដោយវាយប្រហារសងសឹកដោយបាញ់មីស៊ីល និងដ្រូន លើអ៉ីស្រាអែល យោធាអាមេរិក និងបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ ក្នុងគោលបំណងដាក់សម្ពាធឱ្យមេដឹកនាំអារ៉ាប់បញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាម៕