ប្រធានាធិបតីឥណ្ឌូណេស៊ី ថានឹងដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាព ប្រសិនបើមិនមានផលចំណេញដល់ប្រជាជនប៉ាឡេស្ទីន (Video inside)

07-03-2026 13:43

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថាឥណ្ឌូណេស៊ីនឹងដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រសិនបើក្រុមប្រឹក្សានេះមិនផ្ដល់ផលចំណេញដល់ប្រជាជនប៉ាឡេស្ទីនទេនោះ ខណៈការចូលរួមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្រោមមន្ទិលសង្ស័យ ក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Prabowo កំពុងរងសម្ពាធពីបណ្ដាជនមូស្លីមនៅក្នុងស្រុកជុំវិញការសម្រេចិត្តរបស់លោកនាំឥណ្ឌូណេស៊ីចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងបានសន្យាថានឹងបញ្ជូនកងទ័ព រក្សាសន្តិភាពរាប់ពាន់នាក់ទៅកាន់តំបន់ហ្កាហ្សា នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលបានបញ្ឈប់សង្រ្គាមដ៏បំផ្លិចបំផ្លាញអស់រយៈពេល២ឆ្នាំនៅទីនោះ។ បើតាមសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី លោក Prabowo បានប្រាប់មេដឹកនាំមូស្លីមនៅក្នុងស្រុកក្នុងសប្ដាហ៍នេះថាសមាជិកភាពរបស់ឥណ្ឌូណេស៊ី ក្នុងក្រុមប្រឹក្សាសន្តិភាពមានគោលដៅសម្រេចឱ្យ បាននូវសន្តិភាពយូរអង្វែងក្នុងតំបន់ហ្កាហ្សា។

ប៉ុន្តែលោកបន្ថែមទៀតថាប្រទេសរបស់លោកនឹងដកខ្លួនចេញពីក្រុមប្រឹក្សានេះ ប្រសិនបើជាវាមិននាំមកនូវផលចំណេញដល់ប្រជាជនប៉ាឡេស្ទីន ឬមិនស្របតាមផលប្រយោជន៍ជាតិរបស់ ឥណ្ឌូណេស៊ីទេនោះ។

គួរបញ្ជាក់ថា លោក Prabowo Subianto បានចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈកន្លងទៅ និងបានសន្យាថានឹងបញ្ជូន កងទ័ពរក្សាសន្តិភាព ៨០០០នាក់ទៅកាន់តំបន់ហ្កាហ្សា នៅក្រោមក្របខណ្ឌនៃកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ៕