កងទ័ពឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ថាកំពុងរង់ចាំកងកម្លាំងអាមេរិកនៅច្រកសមុទ្រ Hormuz (Video inside)
07-03-2026 14:02
(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាពួកគេកំពុងរង់ចាំឱ្យកងកម្លាំងអាមេរិកអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្ត្រមួយជាទីដែលការធ្វើចរាចរណ៍កំពុងរាំងស្ទះដោយសារសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ali Mohammad Naini បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងរង់ចាំវត្តមានកងកម្លាំងអាមេរិក។ យើងសូមប្រាប់ថាមុននឹងសម្រេចចិត្តណាមួយ អាមេរិកគួរតែចងចាំការវាយប្រហារលើកប៉ាល់ដឹកប្រេងដោតទង់ជាតិអាមេរិក Bridgeton ក្នុងឆ្នាំ១៩៨៧ និងកប៉ាល់ដឹកប្រេងដែលរងការវាយប្រហារថ្មីៗនេះ»។
Bridgeton ជាកប៉ាល់ដឹកប្រេងដោតទង់ជាតិអាមេរិកបានរងការខូចខាតដោយគ្រាប់មីនរបស់កងកម្លាំងឆ្មាំបដិវត្តន៍ ខណៈកប៉ាល់ដឹកប្រេងនេះត្រូវបានអមដំណើរដោយកងទ័ពជើងទឹកអាមេរិក ធ្វើដំណើរឆ្លងកាត់តាមតំបន់ឈូងសមុទ្រពែក្ស។ ការលើកឡើងរបស់អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ផងដែរ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីថាមពលអាមេរិកបានប្រកាសថាកងទ័ពជើងទឹកអាមេរិក កំពុងត្រៀមលក្ខណៈអមដំណើរកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗប្រសិនបើចាំបាច់៕






