អ៉ីស្រាអែល ប្រើយន្ដហោះចម្បាំង​ ៨០គ្រឿងវាយប្រហារលើទីក្រុងតេហេរ៉ង់ និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ (Video inside)

07-03-2026 14:55

(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានអះអាងថាខ្លួនបានប្រើប្រាស់យន្ដហោះចម្បាំង ៨០គ្រឿង ក្នុងការវាយប្រហារលើទីតាំងយោធានៅក្នុងប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានប្រព័ន្ធបាញ់មីស៊ីល និងគោលដៅផ្សេងទៀតក្នុងទីក្រុងតេហេរ៉ង់ និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានឱ្យដឹងដូច្នេះថា «យន្ដហោះចម្បាំង ៨០គ្រឿង...បានបញ្ចប់បេសកកម្មវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធរបស់របបភេរវករអ៉ីរ៉ង់»។ តាមសេចក្ដីថ្លែងការណ៍ដដែល នេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតធ្វើឡើងដោយអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារមុនលើអ៉ីរ៉ង់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ហើយអ៉ីស្រាអែលអះអាងថាបានប្រើយន្ដហោះចម្បាំង ២០០គ្រឿង ដែលនេះជាការវាយប្រហារតាមផ្លូវអាកាសធំបំផុតក្នុងប្រវត្តិសាស្ត្រនៃកងទ័ពអាកាសរបស់ខ្លួន៕