អេមីរ៉ាតអារ៉ាប់រួម ផ្អាកប្រតិបត្តិទាំងអស់ នៅឯអាកាសយានដ្ឋានអន្តរជាតិឌូបៃជាបណ្ដោះអាសន្ន
07-03-2026 15:06
(ឌូបៃ)៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកជាងគេបំផុតមួយនៅលើពិភពលោក នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ បានប្រកាសផ្អាកប្រតិបត្តិការ ជើងហោះហើរទាំងអស់ទៅ និងមកអាកាសដ្ឋានរបស់ខ្លួនជាបណ្ដោះអាសន្ន រហូតទាល់តែមានការជូនដំណឹងជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមក្នុងទីក្រុងឌូបៃ បានគូសបញ្ជាក់ថា «ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរ បុគ្គលិកអាកាសយានដ្ឋាន និងពីឡុតក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិការនៅឯអាកាសយានដ្ឋាន Dubai International (DXB) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ រាល់នីតិវិធីទាំងអស់ត្រូវបានដាក់ចេញស្របទៅតាមបទដ្ឋានសុវត្ថិភាព»។
ការប្រកាសផ្អាកប្រតិបត្តិការបណ្ដោះអាសន្ននេះធ្វើឡើងបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសបានស្ទាក់បំផ្លាញវត្ថុមួយនៅក្បែរអាកាសយានដ្ឋាន៕




